All posts tagged: projects2016

សួន ស្រីយ៉ា

ជាស្ត្រីរួសរាយម្នាក់ សួន ស្រីយ៉ា អាយុ ៣៨ឆ្នាំ បានចូលប្រឡូកក្នុងការងារសំណង់នេះអស់រយៈពេល ១០ឆ្នាំ មកហើយ ។ គាត់ក៏ធ្លាប់ធ្វើការងារផ្សេងៗទៀតជាច្រើនដែរ មុនពេលធ្វើការសំណង់ ដែលការងារនោះរួមមាន លក់ត្រកួន និងកម្មការិនីរោងចក្រកាត់ដេរ។ គាត់ឈប់ធ្វើការងាររោងចក្រដោយសាររោងចក្រមាន​បញ្ហាផ្ទៃក្នុង។ បន្ទាប់ពីឈប់ធ្វើនៅរោងចក្រ អ្នកជិតខាងរបស់គាត់បានសួរថា គាត់ចង់ធ្វើការក្នុងវិស័យសំណង់ដែរឬទេ។ មកតាមអ្នកជិតខាង ស្រីយ៉ា បានចាប់ផ្ដើមធ្វើដំបូងនៅអគារ ៤២ជាន់ ដោយទទួលបានកម្រៃតែ ៣.៥០ ដុល្លារសហរដ្ឋអាមេរិកប៉ុណ្ណោះ ក្នុងមួយថ្ងៃ។ គាត់បានទៅធ្វើការនៅការដ្ឋានសំណង់អេអន២វិញ ដែលទីនោះគាត់ទទួលបានប្រាក់ឈ្នួលទ្វេដង។ ការងាររបស់គាត់គឺ ចងដែក។ ដូចកម្មករស្រ្តីផ្សេងទៀតដែរ គាត់បានលើកឡើងពីការព្រួយបារម្ភរបស់គាត់ ចំពោះវិសមភាពក្នុងការងារ ឧទាហរណ៍ ការទទួលបានប្រាក់កម្រៃទាបជាងកម្មករបុរស។ គាត់ទាមទារសិទ្ធិមូលដ្ឋានរបស់គាត់។ គាត់បានទទួលស្គាល់ ធម្មជាតិនៃភេទទាំងពីរ ហើយថាបុរសមានកម្លាំងខ្លាំងជាង។ ប៉ុន្តែគាត់ជឿថា អ្វីដែលបុរសអាចធ្វើបាន ស្រ្តីក៏អាចធ្វើបានដូចគ្នា ឱ្យតែមានការបង្រៀន និងបណ្ដុះបណ្ដាល ។ ពេលដែលសួរថា គាត់ធ្លាប់រងរបួសដែរឬទេ គាត់ឆ្លើយទាំងអៀនខ្មាស់ថា គាត់ធ្លាប់រងរបួសធ្ងន់ម្ដង ត្រូវចំកន្លែងក្រោមខ្សែចង្កេះរបស់គាត់ ពេលកំពុងធ្វើការនៅអគារវឌ្ឍនៈ។ គាត់ត្រូវរបួសដោយសារដែកបញ្ឈរមុតស្រួច។ បូករួមបញ្ចូលទាំងប្រាក់កម្រៃរបស់គាត់ និងប្ដី គាត់និយាយថា គាត់អាចទ្រទ្រង់គ្រួសារគាត់ និងការសិក្សារបស់កូនៗគាត់បាន។ មោទនភាពជាម្ដាយនៃកូនទាំងបី ស្រីយ៉ាបាននិយាយថា កូនៗគាត់មិនដែលធ្វើឱ្យគាត់ និងគ្រួសារពិបាកចិត្តម្ដងណាទេ ហើយបានបន្ថែម៖ «កូនខ្ញុំទាំងបី គឺជាកម្លាំងចិត្តរបស់ខ្ញុំឱ្យបន្តធ្វើ ការងារបន្តទៅទៀត។ ពួកគេជាពន្លឺនៃជីវិតខ្ញុំ។ ខ្ញុំចង់ឱ្យពួកគេរៀនឱ្យបានចប់ចុងចប់ដើម ហើយប្រើប្រាស់ ចំណេះដឹង ដើម្បីស្វែងរកការងារល្អ មានប្រាក់ខែល្អ។ ខ្ញុំមិនចង់ឱ្យពួកគេដើរតាមផ្លូវខ្ញុំនោះទេ នេះជាហេតុ ផលដែលខ្ញុំខំប្រឹងធ្វើការសព្វថ្ងៃនេះ»។ គាត់បាននិយាយថា គាត់មិនសប្បាយ​ ហើយក៏មិនកើតទុក្ខអ្វីដែរនឹងការងារនេះ ទោះបីដឹងថាការងារនេះជាការងារប្រថុយប្រថាន និងគ្រោះថ្នាក់យ៉ាងណាក៏ដោយ។ បើសិនជាគាត់មិនធ្វើការងារក្នុងវិស័យនេះទេ គាត់មិនដឹងថាទៅធ្វើនៅឯណា ឬទៅធ្វើអ្វីនោះទេ។ គាត់បានបន្ថែម៖ «ធ្វើម៉េច វាជាការរស់នៅទៅហើយ»។ ក្រៅពីធ្វើការជាកម្មករសំណង់ គាត់មានការងារមួយទៀត គឺការងារជាស្ត្រីមេផ្ទះ។ គាត់ត្រឡប់មកផ្ទះវិញ ហើយត្រូវមកធ្វើការងារផ្ទះ បន្ទាប់ពីធ្វើការងារដ៏នឿយហត់អស់ពេញមួយថ្ងៃ។ គាត់និយាយថា គាត់មិនអាចត្អូញត្អែរបានទេ ទោះបីជាគាត់ហត់យ៉ាងណាក៏ដោយ គាត់បានបន្ត៖ «វាមិនហត់ទេ។ វាជាភារកិច្ចរបស់ខ្ញុំ ក្នុងនាមជាម្ដាយ»។ នាពេលអនាគត ស្រីយ៉ា មានបំណងទិញផ្ទះ និងបើកលក់ចាប់ហ៊ួយ នៅពេលដែលគាត់ចាស់ទៅ គាត់ចង់ធ្វើជាម្ដាយនៅផ្ទះ ចាំចម្អិនម្ហូបឱ្យកូន និងចាំកូនត្រឡប់មកពីធ្វើការវិញដើម្បីហូបបាយជុំគ្នា។ ស្រីយ៉ា មានពាក្យផ្ដាំផ្ញើទៅកាន់កូនៗគាត់៖ «ក្នុងនាមជាម្ដាយ ម្ដាយមិនចង់បានអ្វីពីកូនទេ។ អ្វីដែលម្ដាយចង់បានគឺឃើញកូនបានទទួលជោគជ័យក្នុងជីវិត និងមានអនាគតភ្លឺស្វាង។ ពេលដែលកូនយកលុយម្ដាយទៅចាយកូនគួរតែដឹងថា លុយដែលកូនកំពុងតែចាយ គឺជាលុយទឹកញើសដែលម៉ែធ្វើការជាកម្មករសំណង់។ ម្ដាយទៅកន្លែងណាក៏ដោយ ក៏ម្ដាយបន់ព្រះសំពះទេវតាឱ្យកូនទាំងបីដែរ។ កូនគឺជាជីវិតរបស់ម្ដាយ»។​    

ធឿន សុភា

ធឿន សុភា ជាកម្មករសំណង់ អាយុ ២៥ឆ្នាំម្នាក់ មានស្រុកកំណើតនៅខេត្តកណ្ដាល បានធ្វើការក្នុងវិស័យដ៏រីកលូតលាស់នេះ តាំងពីគាត់អាយុ ២០ឆ្នាំ មកម្ល៉េះ។ អតីតកម្មការិនីរោងចក្រកាត់ដេរ សុភាបានឈប់ពីការងាររោងចក្រ ហើយមកតាមប្ដីរបស់គាត់ដើម្បីធ្វើការក្នុងការដ្ឋានសំណង់ ទើបអាចឱ្យគាត់មានពេលមើលថែទាំកូនបាន។ គាត់ក៏ធ្លាប់សន្លប់ជាញឹកញាប់ដែរ ពេលកំពុងធ្វើការងាររោងចក្រ។ នៅពេលដែលសួរឱ្យប្រៀបធៀបការលំបាករវាង ការងាររោងចក្រ និងការងារសំណង់ គាត់និយាយ៖ «ការងារទាំងពីរដូចតែគ្នាទេ។ ប៉ុន្តែការងាររោងចក្រតឹងជាង ពេលខ្លះកម្មករត្រូវបានបង្ខំឱ្យធ្វើការថែមម៉ោង ចំពោះការងារសំណង់វិញ វាមានសេរីភាពជាង ប៉ុន្តែបានកម្រៃតិចជាង»។ ទទួលបាន ១៧.០០០រៀល ក្នុងមួយថ្ងៃ ការងាររបស់សុភា គឺលាយកំបោរ ជញ្ជូនឥដ្ឋការ៉ូ​ និងកំបោរ។ ពេលខ្លះ គាត់ត្រូវបម្រើជាង ៣នាក់ ក្នុងពេលតែមួយ។ សុភាព្យាយាមប្រុងប្រយ័ត្ន   ជានិច្ច ប៉ុន្តែពេលខ្លះគាត់ធ្វើឱ្យធ្លាក់ឥដ្ឋការ៉ូលើជើងខ្លួនឯង។ ទោះបីជាមានបទពិសោធន៍ ៥ឆ្នាំ ក្នុងវិស័យនេះ គាត់នៅតែមិនអាចបំបាត់ភាពញញើតទីខ្ពស់បាន។ «ខ្ញុំខ្លាចខ្ពស់ខ្លាំងណាស់។ ខ្ញុំប្រកែករហូត ពេលមេជាងឱ្យខ្ញុំឡើងឈរលើ  អន្ទារបៀកកំបោរ»។ សុភារកបានចំណូលតិចជាងកម្មករផ្សេងទៀត ដោយសារគាត់ឧស្សាហ៍សុំច្បាប់ឈប់មើលកូនឈឺ ហើយគាត់ក៏មិន សូវជាខ្លួនឯងប៉ុន្មានដែរ។ សម្រាប់ការចំណាយប្រចាំថ្ងៃវិញ ជាធម្មតាគាត់ចំណាយតែ         ៤​.០០០រៀល ប៉ុណ្ណោះ ប៉ុន្តែពេលខ្លះ ក៏ចំណាយលើសដល់ទៅ ៨.០០០រៀល ដែរ។ «បើខ្ញុំអត់ព្យាយាមហូបតិចទេ ខ្ញុំអត់មានលុយគ្រប់ដើម្បីទុកសន្សំទេ»។ និយាយទាំងសម្លេងស្ងួត និងហាក់នឿយហត់ខ្លាំង សុភានិយាយថា គាត់មិនចង់ធ្វើការងារក្នុងវិស័យសំណង់នេះទេ ប៉ុន្តែគាត់ត្រូវតែធ្វើដើម្បីជីវភាពគ្រួសាររបស់គាត់។ «ខ្ញុំអាណិតប្ដីខ្ញុំ ដែលជាអ្នករកលុយចិញ្ចឹមគ្រួសារ។ សុខភាពខ្ញុំមិនសូវល្អ ចឹងខ្ញុំមិនសូវបានជួយគាត់នោះទេ»។ មកដល់ពេលនេះ គាត់ និងប្ដីបានសន្សំលុយទុកខ្លះហើយ ហើយគាត់មានដីកេរនៅឯស្រុកកំណើតទៀត។ គាត់ចង់សង់ផ្ទះនៅលើដីនោះ ហើយថ្ងៃណាមួយនឹងត្រឡប់ទៅវិញ។ ប៉ុន្តែ មុននឹងត្រឡប់ទៅវិញ គាត់ចង់បន្តធ្វើការងារសំណង់មួយឆ្នាំទៀតសិន ទម្រាំគាត់សន្សំលុយបានគ្រប់គ្រាន់ដើម្បីបើកតូបលក់បន្លែមួយនៅឯផ្សារ។        

រស់ ធាវី

អ្នកស្រុកអ្នកលឿង រស់ ធាវី មករាជធានីក្នុងឆ្នាំ ២០០៩ ដើម្បីមកផ្សងសំណាង។ គាត់មកដំបូងបានចូលធ្វើជាកម្មករសំណង់នៅការដ្ឋានសំណង់កោះពេជ្រ។ ជាអ្នកលក់ដូរនៅជិតសាឡាងអ្នកលឿង គាត់និយាយថា ការងារសំណង់ជាការងារនឿយហត់ និងលំបាកជាងមុខរបរមុន ប៉ុន្តែគាត់បានបន្ថែមថាវាជួយដោះស្រាយជីវភាពរស់នៅរបស់គាត់។ ធាវីទើបតែផ្លាស់ពីការដ្ឋានកោះពេជ្រ ទៅបុរីចំការមន ព្រោះថាការដ្ឋានបុរីចំការមនផ្ដល់ប្រាក់ឈ្នួលច្រើនជាង និងលក្ខខណ្ឌការងារល្អជាង។  កាលពីធ្វើការនៅកោះពេជ្រ ធាវីទទួលបានប្រាក់ឈ្នួល ១៨.០០០ រៀល​ ទាបជាងការងារកន្លែងថ្មីរបស់គាត់ ៤.០០០ រៀល។ ការងាររបស់គាត់ គឺលាយ និងជញ្ជូនកំបោរ ហើយពេលខ្លះមេការប្រើឱ្យធ្វើការងារសម្អាត។ យើងរាល់គ្នាតែងជួបថ្ងៃល្អ និងថ្ងៃអាក្រក់ ហើយជីវិតរបស់គាត់ក៏មិនខុសគ្នាពីពួកយើងប៉ុន្មានដែរ។ ពេលខ្លះ គាត់ជួបប្រទះឧបសគ្គនៅកន្លែងការងារពេលគេឱ្យគាត់លាយកំបោរ ៥-៦ បាវ ហើយថ្ងៃខ្លះលាយដល់ទៅ ៧-៨ បាវ។​ ហើយលើសពីនេះទៅទៀតនោះ ពេលដែលគាត់ត្រឡប់មកផ្ទះវិញ គាត់ធ្វើការងារផ្ទះទាំងអស់​ ដូចជាលាងចាន និងបោកគក់។ ពេលដែលសួរថា តើវាហត់នឿយដែរឬទេ ហើយប្រសិនជាមានឱកាស តើគាត់នឹងតវ៉ាប្រឆាំងនឹងទំនៀមនេះដែរឬទេ? «ចាស! វាហត់នឿយខ្លាំងណាស់​ ប៉ុន្តែខ្ញុំត្រូវអត់ធ្មត់។ ក្នុងនាមជាស្រ្តី និងប្រពន្ធ វាជាការងារ និងទំនួលខុសត្រូវរបស់ខ្ញុំ»។ ធាវីលើកឡើងអំពីវិសមភាពនៅកន្លែងការងារទាក់ទងនឹងប្រាក់កម្រៃ។ កម្មករបុរសតែងទទួលបានប្រាក់ឈ្នួលខ្ពស់ជាងកម្មករស្ត្រី ទោះបីជាប្រភេទការងារដូចគ្នាយ៉ាងណាក៏ដោយ។ គាត់គិតថា ពេលខ្លះបុរសធ្វើការចាញ់ស្រ្តី។ «ស្រ្តីធ្វើការម៉ត់ចត់ជាង ហើយពួកគេធ្វើលើសការងារដែលបានដាក់ឱ្យ។ បុរសគ្រាន់តែមានកម្លាំងជាង ពួកគេអាចលើករបស់ធ្ងន់បាន»។ បន្ទាប់ពីធ្វើការក្នុងវិស័យនេះអស់រយៈពេលប្រាំបីឆ្នាំមក វាបានក្លាយទៅជាការងារធម្មតាសម្រាប់គាត់ទៅហើយ។ គាត់នៅចាំបានកាលពីគាត់ចាប់ផ្ដើមធ្វើការងារដំបូង។ គាត់បាននិយាយ៖ «ពីដំបូង លំបាក។ ប៉ុន្តែ ខ្ញុំប្រឹងជំនះធ្វើការងារនេះឱ្យបាន។ អត់មានអ្នកណាបង្រៀនខ្ញុំទេ។ ខ្ញុំរៀនដោយខ្លួនឯង ខ្ញុំលួចមើលអ្នកធ្វើការជាមួយ​ព្រោះខ្ញុំចង់ដឹងពីរបៀបលាយកំបោរ និងលាយស៊ីម៉ង់ត៍របស់គេ»។ ប៉ុន្តែ នាពេលជាមួយគ្នានោះដែរ គាត់មានការព្រួយបារម្ភចំពោះសុខភាពរបស់គាត់ទៅអនាគត។ បូកបញ្ចូលជាមួយនឹងប្រាក់កម្រៃរបស់ប្ដីគាត់ ធាវីអាចលៃលកផ្ញើលុយខ្លះទៅកូនៗ និងម្ដាយគាត់។ ពេលដែលគាត់មកភ្នំពេញ ដើម្បីរកការងារធ្វើគាត់បានទុកកូនរបស់គាត់ឱ្យនៅជាមួយម្ដាយគាត់ ដើម្បីឱ្យពួកគេបានចូលសាលារៀនក្រេបជញ្ជក់យកចំណេះដឹង។ «ពួកគេជាក្ដីសង្ឃឹម និងអនាគតរបស់ខ្ញុំ។ ខ្ញុំក្រហើយល្ងង់ទៀត។ ខ្ញុំមិនចង់ឱ្យពួកគេដូចជាខ្ញុំនោះទេ»។ ធាវីរក្សាការប្រមើលដ៏វិជ្ជមានចំពោះវិស័យសំណង់។ «ការងារសំណង់ជាការងារស្មើភាព។ ដើមទុនគឺកម្លាំងពលកម្ម ធ្វើដោយកម្លាំង បានមកដោយកម្លាំងញើសឈាម។ វាប្រសើរជាងលើកដៃសុំគេ។ ខ្ញុំពេញចិត្តនឹងការងារខ្ញុំ ព្រោះវាជាការងារដែលខ្ញុំរើសដោយខ្លួនឯង ។ ពុំមានអ្នកបង្ខំ ដូច្នេះខ្ញុំសប្បាយចិត្ត»។ ធាវីនឹងបន្តធ្វើការងារនេះ រហូតដល់គាត់សន្សំបានប្រាក់គ្រប់គ្រាន់ ដើម្បីបើកអាជីវកម្មតូចមួយសម្រាប់ខ្លួនឯង។ ធាវីមានសំណូមពរទៅកាន់ក្រុមហ៊ុនសំណង់ឱ្យចែកសម្ភារៈសុវត្ថិភាពដែលចាំបាច់ ដូចជា មួក និងស្បែកជើងសំណង់ និងសំណូមពរឱ្យដំឡើងប្រាក់ឈ្នួលកម្មករស្រ្តីឱ្យស្មើនឹងបុរស។    

សរ សារៀម

ក្មេងជាងគេក្នុងចំណោមស្ត្រីកម្មករសំណង់ទាំង ១៣ សរ សារៀម មានអាយុ ១៥ឆ្នាំ ហើយបានធ្វើជាកម្មករសំណង់ តាំងពីនាងមានអាយុ ១០ឆ្នាំម្ល៉េះ។ សារៀមលើកឡើងថា ឪពុកម្ដាយរបស់នាងបានប្រឡូកក្នុងការងារសំណង់នេះជាយូរមកហើយ។ នាងនិយាយ៖ «ពួកយើងដូចជារកចិញ្ចឹមជីវិតបានគួរសមដែរ ពុកខ្ញុំជាមេការ។ សំណាងមិនល្អ ពួកយើងត្រូវ បានមេការដូចគ្នាបោក ហើយត្រូវខ្ចីលុយមីក្រូហិរញ្ញវត្ថុ (ដែលពួកយើងស្គាល់ថាជា “រដ្ឋ”) ដើម្បីរស់»។ ដោយសារតែស្ថានភាពគ្រួសារ នាងបានសម្រេចចិត្តឈប់រៀនតាំងពីថ្នាក់បឋមសិក្សា ដោយនិយាយថានាងរៀនមិនទាន់គេ។ ចាប់តាំងពីពេលនោះមក នាងបានចាប់ផ្ដើមជួយគ្រួសារនាង ដោយជួយការងារសំណង់ឪពុកម្ដាយ និងលាងចាននៅភោជនីយដ្ឋាន ដើម្បីរកលុយបន្ថែម។ សារៀម ធ្លាប់ធ្វើការងារផ្សេងៗ ដើម្បីរកលុយឱ្យឪពុកម្ដាយ។ លាងចានគុយទាវនៅភោជនីយដ្ឋាន នាងរកបានមួយខែ ២០០.០០០ រៀល ប៉ុន្តែការងារនោះហត់ខ្លាំងពេក។ នាងត្រូវក្រោកតាំងពីម៉ោង ៤ភ្លឺ ជារៀងរាល់ព្រឹក ប៉ុន្តែបញ្ចប់ការងារវិញ នៅពេលយប់ជ្រៅ។ នាងធ្វើការនៅទីនោះបានតែ ៤ខែ ប៉ុណ្ណោះ ឪពុកម្ដាយនាងក៏ឱ្យឈប់។ ក្រៅពីនោះ សារៀមក៏ធ្លាប់ធ្វើការនៅការដ្ឋានសំណង់ផ្សេងទៀតដែរ ជាមួយពូរបស់នាង មុនពេលមកជួយការងារសំណង់ឪពុកម្ដាយ ។ នៅទីនោះ នាងរកបាន ១៨​.០០០ រៀលក្នុង មួយថ្ងៃ ហើយទទួលខុសត្រូវខាងចងដែក។ ប៉ុន្តែ បន្ទាប់ពីធ្វើបាន ២-៣ អាទិត្យមក ឪពុកម្ដាយនាងក៏ឱ្យឈប់ទៀត។ ជាកូនពៅនៅក្នុងគ្រួសារ សារៀម គឺជាកូនតែម្នាក់គត់ដែលធ្វើការងារសំណង់ក្នុងចំណោមបងប្អូនបីនាក់។ នៅពេល សួរថាហេតុអ្វី នាងតបថា បងស្រីរបស់នាងនៅរៀន ហើយចេះតែឈឺ ហើយបងប្រុសរបស់នាងទើបតែត្រឡប់មកពីធ្វើការនៅថៃ ដូចនេះនាងជាមនុស្សដែលខ្លាំង ហើយមានសុខភាពល្អតែម្នាក់ក្នុងចំណោមបងប្អូនទាំងបី ដើម្បីជួយគ្រួសារ ។ នាងនិយាយ៖ «ខ្ញុំធ្វើអីក៏ធ្វើដែរឱ្យតែរកលុយបានមកជួយដោះបំណុលគ្រួសារខ្ញុំ ទោះបីជាត្រូវហូបអំបិល ប្រហុកក៏ដោយ»។ នាងមិនទទួលខុសត្រូវធ្វើការងារធ្ងន់ៗនោះទេ ពេលធ្វើជាមួយឪពុកម្ដាយ។ នាងគ្រាន់តែកូនជាងរបស់ពុកនាងប៉ុណ្ណោះ។ នាងជួយលាយ ជញ្ជូនកំបោរ រៀបការ៉ូ ជញ្ជូនការ៉ូ។ ភាគច្រើន នាងអាចលាយកំបោរបានរហូតដល់ ១០បាវ ក្នុងមួយព្រឹក ហើយទាល់តែចប់សព្វគ្រប់ទើបនាងហូបបាយថ្ងៃ។ នាងគិតថា វិស័យសំណង់នេះគ្មានអនាគតទេ ដូចនេះហើយទើបនាងមានគោលបំណងមួយ។ នាងចង់ក្លាយជាកម្មការិនីរោងចក្រកាត់ដេរ។ នៅពេលដែលនាងអាយុ ១៨ឆ្នាំ នាងនឹងទៅធ្វើការរោងចក្រ ដែលនាងគិតថាអាចជួយសម្រាលបន្ទុកគ្រួសារបាន ។  

សំ សុឌីណា

សំ សុឌីណា អាយុ ៣៧ឆ្នាំ មានស្រុកកំណើតនៅតាខ្មៅ កំពុងតែជួបទុក្ខលំបាកដើម្បីរកប្រាក់ចិញ្ចឹមជីវិតប្រចាំថ្ងៃ ដោយធ្វើការជាកម្មករសំណង់។ គាត់ធ្លាប់ធ្វើជាកម្មការិនីរោងចក្រ មុនពេលប្រឡូកក្នុងវិស័យនេះជាមួយប្ដីរបស់គាត់ ប្រហែលបានមួយឆ្នាំកន្លងមកនេះ។ បញ្ហាសុខភាព គឺជាហេតុផលមួយដែលគាត់ឈប់ធ្វើការរោងចក្រ ហើយមកចាប់អាជីពក្នុងវិស័យសំណង់វិញ។ ទោះបីជានឿយហត់ និងលំបាកក្នុងការងារយ៉ាងណាក៏ដោយ ឌីណាមិនរាថយជាដាច់ខាត។ គាត់ប្រឹងធ្វើការសព្វថ្ងៃ ដើម្បីទទួលបានប្រាក់ឈ្នួល ២០.០០០ រៀល ក្នុងមួយថ្ងៃ។ ជាធម្មតា គាត់បម្រើតែជាងមួយទេ តែពេលខ្លះគាត់ត្រូវបម្រើជាង២នាក់ ជំនួសមិត្តរួមការងារ នេះហើយទើបធ្វើឱ្យគាត់ជួបប្រទះនឹង    ឧបសគ្គការងារ។ ពេលខ្លះនៅពេលបន្ទាន់ គាត់ត្រូវជញ្ជូនគំនរឥដ្ឋជាច្រើនក្នុងពេលតែមួយ។ ក្រៅពីជញ្ជូនឥដ្ឋគាត់ក៏ត្រូវលាយ និងជញ្ជូនកំបោរដែរ។ គាត់និយាយថា ការងារលាយកំបោរ គឺហត់ណាស់ ព្រោះគាត់ត្រូវឱនឥតឈប់ដើម្បីលាយឱ្យសព្វ។​ ដោយដឹងថាការងារប្រភេទនេះ ជាការងារបណ្ដោះអាសន្ន ឌីណាចង់ផ្លាស់ប្ដូរមុខរបរ។ «ការងារនេះមិនស្ថិតស្ថេរនោះទេ។ បើសិនជាមានឱកាស ខ្ញុំចង់ធ្វើអីផ្សេង។ ខ្ញុំមិនចង់ធ្វើក្នុងវិស័យសំណង់នេះរហូតនោះទេ»។ គាត់ចង់ពង្រីកចំណេះដឹង ហើយរៀនជំនាញវិជ្ជាជីវៈដូចជាដេរប៉ាក់ និងកាត់ដេរជាដើម។ ប៉ុន្តែគាត់មិនមានលុយសន្សំគ្រប់គ្រាន់ ដើម្បីបង់ចូលរៀននោះទេ ព្រោះគាត់ត្រូវចំណាយប្រចាំថ្ងៃផង ហើយត្រូវសងបំណុលមីក្រូហិរញ្ញវត្ថុទៀត។ ប្រៀបធៀបជីវិតរបស់គាត់ពីមុន និងពេលដែលមកធ្វើជាកម្មករសំណង់ គាត់និយាយ៖ «វាលំបាកមករហូតហើយ។ ប៉ុន្តែក្នុងវិស័យសំណង់នេះ វាស្រួលយកលុយ ដោយសារតែគេឱ្យ ពីរអាទិត្យម្ដង»។ ឌីណា និយាយថា រដ្ឋាភិបាល និងក្រុមហ៊ុនសំណង់គួរគោរព និងមិនគួរមើលងាយវិស័យនេះឡើយ ព្រោះកិច្ចការងារទាំងនេះ គឺសម្រាប់ពលកម្មដែលគ្មានជំនាញ។ «អ្នកខ្លះមកពីស្រុក អត់មានជំនាញអីទេ ចឹងពេលដែលគាត់អត់ដឹងថា​ធ្វើអី ដើម្បីចិញ្ចឹមជីវិតគាត់នឹងទៅធ្វើការសំណង់។ អញ្ចឹងប្រាក់ឈ្នួលអប្បបរមា និងសិទ្ធិជាមូលដ្ឋានខ្លះ ដូចជាសិទ្ធិទទួលបានប្រាក់កម្រៃពេលបុណ្យទានគួរតែត្រូវបានផ្ដល់ជូន។ នេះជាវិធីមួយ ដើម្បីជួយពួកយើងដែលជាកម្មករសំណង់ ពិសេសស្រ្តីកម្មករសំណង់»។  

រស់ ធារិន

ប្អូនស្រីពៅ ក្នុងចំណោមបងប្អូនប្រាំមួយនាក់ រស់ ធារិន ហៅម៉ី អាយុ១៩ឆ្នាំ មកធ្វើការនៅការដ្ឋានសំណង់ជិតវត្តភ្នំអស់រយៈពេលជិតមួយឆ្នាំមកហើយ។ ក្មេង ហើយគ្មានបទពិសោធន៍ ម៉ីមកតាមបងស្រីទាំងពីររបស់នាង ដើម្បីធ្វើជាកម្មករសំណង់​ ដោយសារតែគ្មានសាឡាងរត់ទៅមកអ្នកលឿងទៀត តាំងពីគេបើកដាក់ឱ្យប្រើប្រាស់ស្ពានមក​។ ម៉ីក៏ឈប់រៀន តាមមិត្តភក្ដិនាងដែរ ពេលទើបចូលថ្នាក់ទី៨។ នាងមិនបានគិតវែងឆ្ងាយអំពីអនាគត ហើយទើបនិយាយថាសោកស្ដាយតាមក្រោយ។ ម៉ីមកភ្នំពេញដំបូងមិនមែនដើម្បីធ្វើការងារសំណង់នោះទេ។ នាងធ្លាប់បានធ្វើការក្នុងរោងចក្រកាត់ដេរពីមុន ប៉ុន្តែមិនអាចទ្រាំទ្រនឹងក្លិនក្រណាត់បាន ដូច្នេះហើយទើបនាងឈប់ពីការងាររោងចក្រ។ ម៉ីបានចាប់ផ្ដើមធ្វើជាកូនជាងដូចស្រ្តីកម្មករសំណង់​ផ្សេងទៀតដែរ ហើយគេឱ្យកាន់ការងារពីរមុខ គឺលាយ និងជញ្ជូនកំបោរ។ ប៉ុន្តែ​ ឥឡូវនាងធ្វើការងារផ្សេងៗ រាប់តាំងពីបោសសម្អាត រត់បុងកម្មករ និងកាន់ឃ្លាំង។ «វាស្រួល ព្រោះគេឱ្យខ្ញុំធ្វើការងារស្រាលៗដែរ»។ ម៉ីធ្លាប់មានគ្រោះថ្នាក់ពេលធ្វើការងារធ្លាក់ពីកំពស់ ២ ទៅ ៣ ម៉ែត្រ របួសជើងខាងឆ្វេង។ «បើគ្មានគេជួយចាប់ទាញខ្ញុំទាន់ទេ ខ្ញុំប្រហែលជាបាក់កបាត់ទៅហើយ»។ នាងទទួលបានប្រាក់កម្រៃប្រចាំថ្ងៃ ១៨.០០០ រៀល។ ដោយមិនចង់ទុកពេលចោលឥតប្រយោជន៍ នាងក៏ធ្វើការថែមម៉ោងផងដែរ បន្ទាប់ពីធ្វើការងារក្នុងម៉ោងធម្មតាចប់សព្វគ្រប់ ហើយទទួលបានកម្រៃស្មើនឹងប្រាក់ឈ្នួលប្រចាំថ្ងៃ។ ដូច្នេះ សរុបនាងរកបាន ៣៦.០០០ រៀល ក្នុងមួយថ្ងៃ។ ទោះបីជាទទួលបានប្រាក់ឈ្នួលច្រើនជាងកម្មករសំណង់ផ្សេងក៏ដោយ ម៉ីមិនចូលចិត្តការងារនេះនោះទេ នាងគ្រាន់តែធ្វើវាកុំឱ្យអផ្សុកប៉ុណ្ណោះ។ នាងក៏ជឿថា វិស័យនេះគ្មានអនាគតដែរ ប៉ុន្តែនាងមិនទាន់ដឹងច្បាស់ថាតើនាងចង់ធ្វើអ្វីបន្ទាប់ទៀតនោះទេ។ នាងចង់រកស៊ី ប៉ុន្តែមិនទាន់ដឹងថាចង់រកស៊ីអី។ ដូច្នេះ ក្នុងពេលនេះ នាងនិយាយថា នាងនឹងបន្តធ្វើការសំណង់សិន។ នៅពេលដែលសួរថាតើធ្លាប់មានកម្មករប្រុសប្រើពាក្យពេជន៍មិនសមរម្យ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លែបខាយដាក់ដែរឬទេ នាងបានឆ្លើយតប៖ «មានតើបង ដោយសារខ្ញុំជាស្ត្រីនៅលីវតែម្នាក់ឯងធ្វើការនៅការដ្ឋានហ្នឹង ប៉ុន្តែខ្ញុំមិនដែលខ្វល់ទេ»។  

ណុប សារ៉ា

ណុប សារ៉ា ដែលមានអាយុទើប ៣៣ឆ្នាំ ធ្វើការងារជាកម្មករសំណង់ជាមួយប្ដីអស់រយៈប្រហែល ១០ឆ្នាំ មកហើយនៅការដ្ឋានសំណង់ជាច្រើន។ បច្ចុប្បន្ន គាត់ធ្វើនៅក្នុងការដ្ឋាន បុរីពិភពថ្មីចំការដូង។ សារ៉ាបានបាត់បង់កូនចំនួន ៤នាក់ ព្រមទាំងក្ដីសង្ឃឹមរបស់គាត់ នៅក្នុងពិភពនៃឥដ្ឋសំណង់ដ៏វង្វេងឥតកោះត្រើយ  គាត់មិនអាចផ្លាស់ប្ដូរទៅកន្លែងណាឆ្ងាយពីវិស័យនេះទេ  ដោយនិយាយថាវាគឺជាជម្រើសតែមួយគត់សម្រាប់ការចិញ្ចឹមជីវិត។ មុនមកធ្វើជាកម្មករសំណង់ សារ៉ាជាកម្មការិនីរោងចក្រកាត់ដេរ។ គាត់ឈប់ក៏ដោយសារតែសុខភាពរបស់គាត់ និងលក្ខខណ្ឌការងារ។ ​ប៉ុន្តែតាមប្ដីគាត់មកធ្វើការងារសំណង់ មិនបានធ្វើឱ្យសុខភាពរបស់គាត់ប្រសើរឡើងនោះឡើយ។ តាមពិតទៅសុខភាពរបស់គាត់កាន់តែទ្រុឌទ្រោមៗទៅ ព្រោះតែការងារសំណង់លំបាកជាងឆ្ងាយណាស់។ គាត់និយាយថា គាត់មានកូនចំនួន ប្រាំនាក់ ប៉ុន្តែបច្ចុប្បន្ននៅសល់តែម្នាក់ទេ។ កូនបួននាក់ទៀតបានស្លាប់បាត់បង់ជីវិត តាំងពីនៅអាយុតូចៗដោយសារជម្ងឺ។ នៅពេល សារ៉ា មានទម្ងន់កូនទីបីបានប្រាំមួយខែ គាត់នៅបន្តជញ្ជូនឥដ្ឋការ៉ូឱ្យប្ដីគាត់ទៀត។ «ខ្ញុំគិតថា ហេតុផលដែលកូនខ្ញុំមិនអាចរស់រានមានជីវិតបាន ក៏ដោយសារខ្ញុំបានជញ្ជូនរបស់ធ្ងន់ៗពេក។ ពេលដែលខ្ញុំបានទៅមន្ទីរពេទ្យ លោកគ្រូពេទ្យបាននិយាយថាខ្ញុំមិនចេះមើលថែទាំខ្លួនឯង។ ហើយអ្វីដែលមានប្រសាសន៍នោះ វាពិតជាត្រឹមត្រូវ។ តែឱ្យខ្ញុំមើលថែខ្លួនឯងយ៉ាងម៉េច ពេលដែលប្ដីខ្ញុំជាប្រភពចំណូលតែមួយសម្រាប់គ្រួសារ? ពួកយើងត្រូវចេះជួយគ្នាដើម្បីជីវភាព»។ ជីវិតរបស់គាត់តែងតែរស់នៅបែបប្រថុយប្រថាន។ គាត់មិនដឹងថាតើ នៅពេលណាជីវិតគាត់នឹងត្រូវបានគេយកទៅនោះទេ ព្រោះសព្វថ្ងៃគាត់កំពុងប្រកបការងារក្នុងកន្លែងដ៏គ្រោះថ្នាក់។​ មានពេលមួយ ពេលកំពុងធ្វើការនៅការដ្ឋានសំណង់ផ្សេងទៀត ឥដ្ឋការ៉ូមួយគំនរ ប្រហែលជា ១០០ការ៉ូ បានធ្លាក់មកលើគាត់ ហើយនៅពេលនោះ គាត់កំពុងមានផ្ទៃពោះពីរខែផង ជាសំណាងល្អគាត់មិនមានទទួលរងគ្រោះថ្នាក់ធ្ងន់ធ្ងរ។​ «គ្មានអ្នកណាមកជួយនោះទេ។ ម្នាក់ៗ គេភ័យរន្ធត់គ្រប់គ្នា»។ គាត់បានស្នាក់នៅមន្ទីរពេទ្យតែមួយអាទិត្យតែប៉ុណ្ណោះ ហើយមិនហ៊ាននៅយូរទេ ព្រោះគាត់ត្រូវបង់ថ្លៃព្យាបាលដោយខ្លួនឯង។ ទាំងក្រុមហ៊ុន និងមេការ គ្មានអ្នកណាម្នាក់ចេញមុខទទួលខុសត្រូវឡើយ។ សារ៉ាបានលើកឡើងថា កាលពីឆ្នាំមុនគាត់ និងប្ដីធ្លាប់បានឆ្លងដែន ដើម្បីទៅធ្វើការនៅការដ្ឋានសំណង់ក្នុងប្រទេសថៃ ប៉ុន្តែត្រូវបានគេបោកបញ្ឆោត ហើយស្ទើរតែគ្មានលុយត្រឡប់មកផ្ទះវិញ។ តាំងពីធ្វើការក្នុងវិស័យនេះជាមួយប្ដីគាត់មក ទាំងពីរនាក់ហាក់គ្មានសំណាងសោះ ពួកគាត់ពុំមានប្រាក់សន្សំសម្រាប់ថ្ងៃអនាគត ហើយពួកគាត់កំពុងតែជួបការលំបាកក្នុងការរកកម្រៃចិញ្ចឹមជីវិត។ សារ៉ា និងគ្រួសាររបស់គាត់ ម៉ៅការរៀបឥដ្ឋការ៉ូពីមេការរបស់គាត់ ហើយគាត់បានគិតថា គាត់អាចគ្រាន់បើជាងមុន ប៉ុន្តែការពិតខុសស្រឡះពីការរំពឹងទុក។ គាត់មិនដែលបានទទួលប្រាក់កម្រៃទៀងទាត់ពីមេការគាត់ឡើយ។ ពេលខ្លះ គាត់អត់ទទួលបានប្រាក់ឈ្នួល ពីរ បីអាទិត្យ ប៉ុន្តែពេលដែលទទួលបាន គាត់បានតែ ២០ ឬ ៥០​ដុល្លារអាមេរិក ប៉ុណ្ណោះ។ ពេលខ្លះ គាត់គ្មានអ្វីហូបនោះទេ គាត់ថែមទាំងជំពាក់លុយថ្លៃម្ហូបគេជិតនោះទៀតផង។ នៅពេលដែលសួរថា តើគាត់សប្បាយចិត្តនឹងអ្វីដែលគាត់កំពុងធ្វើដែរឬទេ គាត់និយាយ៖ «ខ្ញុំសប្បាយចិត្ត នៅពេលបាន ធ្វើជាមួយប្ដីរបស់ខ្ញុំ ពីព្រោះគាត់ជាគ្រួសារតែមួយគត់ដែលអាចពឹងផ្អែកបាន។ ប៉ុន្តែ ខ្ញុំតែងតែបារម្ភអំពីពីអនាគតកូនស្រីខ្ញុំ ។ ខ្ញុំលួចយំរាល់យប់»។ គាត់​បានដឹងថា ការងារនេះគ្មានអនាគតទេ ប៉ុន្តែវាជាជម្រើសតែមួយគត់ដែលគាត់មាន ដោយសារតែគាត់ក្រ ហើយមិនមានចំណេះដឹង។ «ខ្ញុំមិនដឹងថាខ្ញុំអាចទៅធ្វើអ្វីបាននោះទេ។ ខ្ញុំនឹងបន្តធ្វើការងារនេះរហូតដល់ដួល ហើយមិនអាចធ្វើវាបានតទៅទៀត។ ប៉ុន្តែបើសិនជាខ្ញុំមានលុយសន្សំបន្តិចបន្តួច ខ្ញុំមានបំណងប្រាថ្នាមួយ ខ្ញុំចង់បើកកន្លែងជួសជុលម៉ូតូឱ្យប្ដីខ្ញុំ»។      

ទុយ អឿន

ធ្លាប់ជាអ្នកស៊ីឈ្នួលដកស្ទូងនៅល្វាឯម ដែលជាស្រុកកំណើត ទុយ អឿន អាយុ៣៨ បានមកធ្វើការនៅ ការដ្ឋានសំណង់ក្នុងរាជធានីភ្នំពេញ អស់រយៈពេលប្រហែលប្រាំមួយ ប្រាំពីរឆ្នាំមកហើយ។ អឿននិយាយ៖ «ខ្ញុំធ្វើការមួយថ្ងៃសម្រាប់តែមួយថ្ងៃ។ ប្រាក់ឈ្នួលប្រចាំថ្ងៃរបស់ខ្ញុំ គឺ២០ ០០០ រៀល ហើយ ការចំណាយរបស់ខ្ញុំក៏ប៉ុណ្ណឹងដែរ»។ គាត់ជាកូនជាង ហើយកិច្ចការគាត់គឺជញ្ជូន និងលាយកំបោរ។ ថ្ងៃខ្លះ គាត់ថា គាត់នឿយហត់ ព្រោះគាត់ត្រូវបម្រើជាងលើសពីម្នាក់ក្នុងពេលតែមួយ។ តាំងពីធ្វើការជិត ១០ឆ្នាំមក គាត់មិនដែលមានលុយសន្សំ ដោយសារគាត់ត្រូវចំណាយលើម្ហូបអាហារប្រចាំថ្ងៃ ពេលខ្លះទៅ ថ្នាំសង្កូវរបស់កូន និងខ្លួនឯង ហើយអាក្រក់ជាងនេះទៅទៀត គាត់ត្រូវសងបំណុលគេ។ ទោះជាការងារនេះ លំបាក  និងនឿយហត់យ៉ាងណាក៏ដោយ គាត់នៅតែប្រឹងធ្វើការដើម្បីអនាគតកូនស្រីទាំងពីររបស់គាត់ ដែលសព្វថ្ងៃកំពុងតែរស់នៅក្នុងការដ្ឋានជាមួយគាត់ និងចូលរៀននៅសាលាជិតនោះ។ អឿន គឺជាមនុស្សដែលស្រលាញ់សក់វែង គាត់ធ្លាប់បានទុកសក់គាត់រហូតដល់ចង្កេះ។​ ប៉ុន្តែ ថ្ងៃមួយគាត់ ត្រូវធ្វើការសម្រេចចិត្តដ៏លំបាកមួយ គាត់ត្រូវកាត់សក់គាត់លក់ដើម្បីសងបំណុលគេ។ «មេការរត់ចោល អត់ឱ្យលុយ ចឹងខ្ញុំត្រូវកាត់សក់លក់ដើម្បីសងថ្លៃម្ហូបគេ។ លក់បាន ៦០ ០០០ រៀល»។ គាត់បានបន្ត៖ «ការងារនេះប្រថុយប្រថាន។ យើងមើលមិនឃើញចិត្តមនុស្សទេ មិនដឹងថាគេគិតអី។ សំណាងដែរ ដែលខ្ញុំជួបប្រទះរឿងរ៉ាវគេបោកបញ្ឆោតតែម្ដង»។ ពេលសួរថាគាត់សប្បាយចិត្តនឹងការងារគាត់ដែរឬទេ អឿននិយាយថា គាត់សប្បាយចិត្តនឹងធ្វើវា ដោយ សារគាត់ក្រីក្រ។ គាត់ព្រួយបារម្ភចំពោះសុខភាពគាត់ ហើយអ្វីដែលសំខាន់ជាងនេះទៅទៀត គឺអនាគត កូនស្រីរបស់គាត់ ព្រោះគាត់មិនចង់ឱ្យពួកគេដើរតាមគន្លងគាត់នោះទេ។ «ខ្ញុំចង់ឱ្យកូនខ្ញុំ ចូលសាលា បាន រៀនសូត្រ។ ខ្ញុំមិនចង់ឱ្យពួកគេ មិនចេះអក្សរ និងល្ងង់ខ្លៅដូចជាម្ដាយនោះទេ»។ អឿននិយាយថា គាត់នឹង ត្រឡប់ទៅស្រុកកំណើតវិញនៅឆ្នាំក្រោយទៅធ្វើស្រែ ស៊ីឈ្នួលដកស្ទូង ទោះបីជាចំណូលប្រហែលជាតិច ជាងការងារសំណង់ក៏ដោយ ប៉ុន្តែកម្រិតលំបាកទាបជាង ហើយសំខាន់ជាងនេះ គាត់ក៏អាចមើលថែខ្លួន បានដែរ។ សំណូមពរគាត់ក្នុងនាមកម្មករស្រ្តីទាំងអស់ គឺឱ្យពិនិត្យប្រាក់ឈ្នួលកម្មករ និងតម្លើងឱ្យស្មើ    កម្មករបុរស។  

មាស រតនា

មាស រតនា អាយុ ២៨ឆ្នាំ ទើបតែចូលប្រឡូកក្នុងការងារសំណង់នេះ។ គាត់បានចាប់ផ្ដើមធ្វើការក្នុងវិស័យ នេះកាលពី ៦ (ប្រាំមួយ) ខែមុន នៅការដ្ឋានសំណង់អគារវឌ្ឍនៈ។ ធ្លាប់ធ្វើជាកម្មការិនីរោងចក្រនៅខេត្ត កំពង់ស្ពឺ គាត់ត្រូវបានគេបញ្ឈប់ដោយសារសុំច្បាប់ញឹកញាប់ពេក ព្រោះកូនគាត់ចេះតែឈឺ ហើយគាត់ត្រូវ តែទៅមើលថែពួកគេ។ គាត់និយាយថា ការងារនេះមានការទាមទារខ្ពស់ ប៉ុន្តែប្រាក់ឈ្នួលទាបជាងការងាររោងចក្រ។ គាត់ជាអ្នក សម្អាត ទទួលខុសត្រូវខាងសម្អាតការដ្ឋានសំណង់ និងប្រមូលសម្រាមកាកសំណល់សំណង់។ «ទោះបីជា ការងារខ្ញុំមើលទៅហាក់ដូចជា ស្រួលជាងមិត្តកម្មករសំណង់ផ្សេងក៏ដោយ នៅតែមានឧបសគ្គមួយចំនួន ដែលខ្ញុំត្រូវតែពុះពារ»។ ឧបសគ្គដែលរតនាជួបប្រទះ គឺការជញ្ជូនសម្រាមដែលជាកាកសំណល់សំណង់ ចុះពីជាន់ខ្ពស់ ហើយពេលខ្លះសម្រាមទាំងនោះធ្ងន់ ហើយពេលខ្លះសុទ្ធតែជាកំទេចដែក។ លើសពីនេះទៅ ទៀត ពេលខ្លះគាត់ត្រូវតែទៅសម្អាតកន្លែង ដែលសំបូរខ្សែភ្លើង ដូច្នេះគាត់ត្រូវតែប្រុងប្រយ័ត្នជានិច្ច។ ទោះបីជាជួបប្រទះ ឧបសគ្គការងារបែបនេះក៏ដោយ គាត់ទទួលបានតែ ៦ ដុល្លារអាមេរិកក្នុងមួយថ្ងៃ ប៉ុណ្ណោះពេលចាប់ផ្ដើមដំបូង តិចជាងកម្មករបុរស។ «ពួកយើងតែងត្រូវបានចាត់ទុកជាភេទទន់ខ្សោយ ខណៈដែលបុរសត្រូវបានចាត់ទុកជាភេទខ្លាំង​ រឹងមាំ។ ពួកយើងធ្វើកិច្ចការដូចគ្នា ជញ្ជូនសម្រាមធ្ងន់ដូចគ្នា។ ពួកយើងសមនឹងទទួលបានប្រាក់កម្រៃស្មើគ្នា»។ រតនា បន្តទាមទារនូវអ្វីដែលត្រឹមត្រូវ និងអ្វីដែល គាត់គិតថាខ្លួនគាត់ផ្ទាល់ក៏ដូចជាមិត្តរួមអាជីពសមនឹងទទួលបាន។​ គាត់ទើបតែចូលប្រឡូកប៉ុណ្ណោះ នៅ ពេលទាមទារអ្នកម៉ៅការឱ្យតម្លើងប្រាក់ឈ្នួល ១ ដុល្លារថែមទៀត ឥឡូវគាត់ក៏ដូចជាមិត្តរួមការងារទទួល បានប្រាក់កម្រៃចំនួន ៧ ដុល្លារអាមេរិក ក្នុងមួយថ្ងៃ។ ក្រៅពីធ្វើការងារ ៨ម៉ោង រួមទាំងការងារថែមម៉ោង រតនា ចាក់ខោអាវនៅផ្ទះទៀត សម្រាប់វិហារគ្រិស្តសាសនាមួយ។ គាត់ចាក់អាវរងារ និងមួក។ សម្ភារៈ និងវត្ថុសម្រាប់ចាក់ផ្សេងៗ ត្រូវបានផ្ដល់ឱ្យដោយវិហារ។ ទោះបីជាវាមិនសូវបានប្រាក់កម្រៃច្រើន តែក៏វា អាចជួយដោះស្រាយជីវភាពបានមួយគ្រាៗដែរ។ រតនា មិនដឹងថាពេលណាគាត់នឹងឈប់ធ្វើការនៅការដ្ឋានសំណង់នោះទេ។ បើសិនជាគាត់ឈប់ គាត់នឹងទៅធ្វើការនៅរោងចក្រកាត់ដេរវិញ។ និយាយដល់អនាគត គាត់ថាគាត់នឹងសង់ផ្ទះមួយដែលជាកម្មសិទ្ធិ ផ្ទាល់ខ្លួន ដូច្នេះគាត់មិនចាំបាច់ទៅជួលគេទៀត។ នៅពេលសួរថាគាត់សប្បាយចិត្តនឹងការងារគាត់ដែរឬទេ គាត់បានឆ្លើយតបមកវិញ៖ «ខ្ញុំសប្បាយចិត្ត។ បើសិនជាខ្ញុំមិនសប្បាយ ខ្ញុំមិនដឹងទៅធ្វើអីនោះទេ ព្រោះថា ការរកលុយវាសំខាន់សម្រាប់ជីវភាពរស់នៅរបស់ខ្ញុំជាង»។ គាត់ក៏មានសំណូមពរចុងក្រោយទៅកាន់ក្រុមហ៊ុនសំណង់ និងក្រុមសំណង់ ឱ្យរើសទាំងបុរស និងស្រ្តីចូល ធ្វើការងារ។ គាត់ ក៏ចង់ឱ្យក្រុមហ៊ុនទាំងនោះតម្លើងប្រាក់កម្រៃដល់ស្រ្តី ឱ្យស្មើនឹងប្រាក់កម្រៃរបស់បុរស ផងដែរ ព្រោះថាបុរស និងស្រ្តីអាច និងធ្វើកិច្ចការដូចតែគ្នា។

ណាប់​ សឿន

ស្រ្តីវ័យ ៤០ ឆ្នាំ ណាប់​ សឿន កំពុងតែធ្វើការក្នុងការដ្ឋានសំណង់សម្រាប់ចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់គាត់។ មុនពេលចាប់ផ្ដើម ធ្វើជាកម្មករសំណង់ សឿន ធ្លាប់ធ្វើស៊ីឈ្នួលគេនៅស្រុកកំណើត នៅស្រុកល្វាឯម ខេត្តកណ្ដាល។​ នៅពេលដែលគាត់ហត់ នឿយនឹងការងារមុន គាត់ក៏បានសួរបងប្អូនទាំងប្រាំបីនាក់របស់គាត់ អំពីអ្វីដែលគាត់គួរធ្វើបន្ទាប់។ ពួកគេបានបបួលគាត់ ឱ្យមកធ្វើការសំណង់ជាមួយ ព្រោះពួកគេកំពុងធ្វើការសំណង់ស្រាប់។ សឿនបានធ្វើការអស់រយៈពេល ៣ (បី) ឆ្នាំមកហើយ។ ពេលចូលដំបូង គាត់ធ្វើនៅបុរី ប៉េង ហួត​ ហើយបច្ចុប្បន្ននេះគាត់ ជាកូនជាង នៅបុរី ពិភពថ្មីចំការដូង។ គាត់ធ្វើខាងលាយ និងជញ្ជូនកំបោរ។ សឿនបាននិយាយថា «ធ្វើការក្នុងវិស័យដ៏ គ្រោះថ្នាក់នេះ លំបាកជៀសឱ្យផុតពីការត្រូវរបួសផ្សេងៗណាស់» ហើយបានបន្ថែមថា​គាត់បានជាន់ដែកគោល និងធ្លាប់ ធ្លាក់ពីលើអន្ទារ​ កំពស់ ៣ (បី) ម៉ែត្រ។ ដោយទទួលបានប្រាក់កម្រៃចំនួន ១៩ ០០០រៀល ក្នុងមួយថ្ងៃ គាត់បានលើកឡើងថា គាត់មិនមានប្រាក់សន្សំទេ ព្រោះ ថ្លៃឈ្នួលក្នុងវិស័យសំណង់នេះ បើកឱ្យមួយអាទិត្យម្ដង ឬពីរអាទិត្យម្ដងក្នុងមួយខែ។ គាត់បាននិយាយថា «វាកាន់តែតិច ទៅៗ ពេលណាដែលបើកលុយមក ខ្ញុំត្រូវចំណាយទៅវិញភ្លាម»។ គាត់ត្រូវសងលុយថ្លៃម្ហូបគេ ហើយពេលខ្លះត្រូវចំណាយ លើថ្លៃថ្នាំ។ អាក្រក់ជាងនេះទៅទៀត មានពេលខ្លះមេការគាត់មិនបានបើកលុយឱ្យគាត់នោះទេ។ ដូច្នេះហើយទើបពេលចុងខែ គាត់មិនមានប្រាក់សល់។​ នៅពេលដែលសួរថាតើគាត់ឃើញអនាគតក្នុងការងារនេះដែរឬទេ សឿនអស់សំណើច៖ «អនាគតអីក្មួយ? ខ្ញុំប្រឹងរាល់ថ្ងៃ អត់មានសម្រាប់អ្នកណាទេ ព្រោះខ្ញុំគ្មានកូន គ្មានគ្រួសារ។ ខ្ញុំប្រឹងគ្រាន់តែមួយរស់»។ គាត់នឹងឈប់ធ្វើការនៅការដ្ឋាននៅឆ្នាំក្រោយ។ សឿន និយាយ៖ «ខ្ញុំអត់សប្បាយចិត្តនឹងអ្វីដែលខ្ញុំកំពុងធ្វើរាល់ថ្ងៃនេះទេ ព្រោះថាវាហត់នឿយណាស់ ហើយខ្ញុំត្រូវគេបោកទៀត ទោះបីខ្ញុំធ្វើការគ្រាន់តែមួយរស់ក៏ដោយ»។ គាត់គ្រោងនឹងត្រឡប់ទៅស្រុកកំណើតវិញ ដើម្បីធ្វើការ ដែលគាត់ធ្លាប់ធ្វើមុនពេលមកធ្វើការជាកម្មករសំណង់។