projects2016

សរ សារៀម

ក្មេងជាងគេក្នុងចំណោមស្ត្រីកម្មករសំណង់ទាំង ១៣ សរ សារៀម មានអាយុ ១៥ឆ្នាំ ហើយបានធ្វើជាកម្មករសំណង់ តាំងពីនាងមានអាយុ ១០ឆ្នាំម្ល៉េះ។ សារៀមលើកឡើងថា ឪពុកម្ដាយរបស់នាងបានប្រឡូកក្នុងការងារសំណង់នេះជាយូរមកហើយ។ នាងនិយាយ៖ «ពួកយើងដូចជារកចិញ្ចឹមជីវិតបានគួរសមដែរ ពុកខ្ញុំជាមេការ។ សំណាងមិនល្អ ពួកយើងត្រូវ បានមេការដូចគ្នាបោក ហើយត្រូវខ្ចីលុយមីក្រូហិរញ្ញវត្ថុ (ដែលពួកយើងស្គាល់ថាជា “រដ្ឋ”) ដើម្បីរស់»។ ដោយសារតែស្ថានភាពគ្រួសារ នាងបានសម្រេចចិត្តឈប់រៀនតាំងពីថ្នាក់បឋមសិក្សា ដោយនិយាយថានាងរៀនមិនទាន់គេ។ ចាប់តាំងពីពេលនោះមក នាងបានចាប់ផ្ដើមជួយគ្រួសារនាង ដោយជួយការងារសំណង់ឪពុកម្ដាយ និងលាងចាននៅភោជនីយដ្ឋាន ដើម្បីរកលុយបន្ថែម។

សារៀម ធ្លាប់ធ្វើការងារផ្សេងៗ ដើម្បីរកលុយឱ្យឪពុកម្ដាយ។ លាងចានគុយទាវនៅភោជនីយដ្ឋាន នាងរកបានមួយខែ ២០០.០០០ រៀល ប៉ុន្តែការងារនោះហត់ខ្លាំងពេក។ នាងត្រូវក្រោកតាំងពីម៉ោង ៤ភ្លឺ ជារៀងរាល់ព្រឹក ប៉ុន្តែបញ្ចប់ការងារវិញ នៅពេលយប់ជ្រៅ។ នាងធ្វើការនៅទីនោះបានតែ ៤ខែ ប៉ុណ្ណោះ ឪពុកម្ដាយនាងក៏ឱ្យឈប់។ ក្រៅពីនោះ សារៀមក៏ធ្លាប់ធ្វើការនៅការដ្ឋានសំណង់ផ្សេងទៀតដែរ ជាមួយពូរបស់នាង មុនពេលមកជួយការងារសំណង់ឪពុកម្ដាយ ។ នៅទីនោះ នាងរកបាន ១៨​.០០០ រៀលក្នុង មួយថ្ងៃ ហើយទទួលខុសត្រូវខាងចងដែក។ ប៉ុន្តែ បន្ទាប់ពីធ្វើបាន ២-៣ អាទិត្យមក ឪពុកម្ដាយនាងក៏ឱ្យឈប់ទៀត។

ជាកូនពៅនៅក្នុងគ្រួសារ សារៀម គឺជាកូនតែម្នាក់គត់ដែលធ្វើការងារសំណង់ក្នុងចំណោមបងប្អូនបីនាក់។ នៅពេល សួរថាហេតុអ្វី នាងតបថា បងស្រីរបស់នាងនៅរៀន ហើយចេះតែឈឺ ហើយបងប្រុសរបស់នាងទើបតែត្រឡប់មកពីធ្វើការនៅថៃ ដូចនេះនាងជាមនុស្សដែលខ្លាំង ហើយមានសុខភាពល្អតែម្នាក់ក្នុងចំណោមបងប្អូនទាំងបី ដើម្បីជួយគ្រួសារ ។ នាងនិយាយ៖

«ខ្ញុំធ្វើអីក៏ធ្វើដែរឱ្យតែរកលុយបានមកជួយដោះបំណុលគ្រួសារខ្ញុំ ទោះបីជាត្រូវហូបអំបិល ប្រហុកក៏ដោយ»។

នាងមិនទទួលខុសត្រូវធ្វើការងារធ្ងន់ៗនោះទេ ពេលធ្វើជាមួយឪពុកម្ដាយ។ នាងគ្រាន់តែកូនជាងរបស់ពុកនាងប៉ុណ្ណោះ។ នាងជួយលាយ ជញ្ជូនកំបោរ រៀបការ៉ូ ជញ្ជូនការ៉ូ។ ភាគច្រើន នាងអាចលាយកំបោរបានរហូតដល់ ១០បាវ ក្នុងមួយព្រឹក ហើយទាល់តែចប់សព្វគ្រប់ទើបនាងហូបបាយថ្ងៃ។

នាងគិតថា វិស័យសំណង់នេះគ្មានអនាគតទេ ដូចនេះហើយទើបនាងមានគោលបំណងមួយ។ នាងចង់ក្លាយជាកម្មការិនីរោងចក្រកាត់ដេរ។ នៅពេលដែលនាងអាយុ ១៨ឆ្នាំ នាងនឹងទៅធ្វើការរោងចក្រ ដែលនាងគិតថាអាចជួយសម្រាលបន្ទុកគ្រួសារបាន ។