projects2016

រស់ ធារិទ្ធ

ស្រ្តីមានរាងតូចដ៏រួសរាយរាក់ទាក់ម្នាក់ អាយុ ៣០ឆ្នាំ រស់ ធារិទ្ធ ជាអ្នកស្រុកអ្នកលឿងបានចាកចេញពីស្រុកកំណើតដើម្បីមកធ្វើការនៅការដ្ឋានសំណង់កោះពេជ្រ តាំងពីឆ្នាំ២០១៣។ គាត់រកបានមួយថ្ងៃ ១៨.០០០ រៀល ដែលប្រហែល ៤,៥០ ដុល្លារសហរដ្ឋអាមេរិក។ ធារិទ្ធ មានបងប្អូនចំនួន ប្រាំមួយនាក់ ហើយមានបីនាក់ជាកម្មករសំណង់។

ជួបគ្នានៅការដ្ឋានកោះពេជ្រ ប៉ុន្តែនៅឆ្ងាយពីកន្លែងស្នាក់នៅ និងធ្វើការរបស់គាត់ ធារិទ្ធបានរៀបរាប់អំពីការងារដ៏លំបាករបស់គាត់ ទាំងលក្ខណៈការងារ រួមផ្សំនឹងលក្ខខណ្ឌការងារផងដែរ។ ធារិទ្ធបាននិយាយថា «ការងារនេះធ្ងន់ជាងការងាររោងចក្រឆ្ងាយណាស់។ ហើយវាក៏លំបាកជាងការងារផ្សេងៗក្នុងវិស័យផ្សេងៗដែរ ព្រោះថាបើសិនយើងមិនធ្វើការ យើងអត់មានចំណូលទេ។ កន្លែងការងារខ្ញុំតឹងរ៉ឹងណាស់»។ គាត់បានបន្ថែមទៀត៖ «បើសិនជាអ្នកឯងចង់បន្តធ្វើការ កុំនិយាយស្ដីអី ធ្វើមិនដឹងមិនឮ ហើយធ្វើតែការងាររបស់ខ្លួនទៅបានហើយ»។ ពេលដែលកំពុងនិយាយដល់ចំណុចនេះ ធារិទ្ធបានលើកឡើងថា គាត់ធ្លាប់ទៅធ្វើការនៅព្រំដែនខ្មែរថៃក្នុងផ្សាររុងក្លឿ។ គាត់ធ្លាប់គិតថាចង់ទៅធ្វើការនៅប្រទេសថៃម្ដងទៀត ប៉ុន្តែការចំណាយក្នុងការរស់នៅប្រហាក់ប្រហែលគ្នានឹងការចំណាយនៅខ្មែរដែរ។ ដូច្នេះគាត់ក៏សម្រេចចិត្តធ្វើការក្នុងស្រុក​វិញ ព្រោះវានៅជិតគ្រួសារគាត់ជាង។ បន្ទាប់ពីធ្វើការមួយថ្ងៃ ប្រាំបីម៉ោង ធារិទ្ធនៅបន្តធ្វើការថែមម៉ោងជារៀងរាល់យប់ ចាប់ពីម៉ោង ៥.៣០ ដល់ម៉ោង ៨.៣០។ គាត់រកបានពាក់កណ្ដាលនៃប្រាក់កម្រៃរបស់គាត់ក្នុងមួយថ្ងៃ ដែលជួយបន្ថែមទៅលើ ប្រាក់សន្សំរបស់គាត់។​ គាត់មកដល់ផ្ទះវិញនឿយហត់ហើយត្រូវធ្វើការងារផ្ទះទៀតមុនពេលចូលសម្រាក។ «វាជាកាតព្វកិច្ច របស់ខ្ញុំជាប្រពន្ធ។ តាមពិតទៅ ខ្ញុំក៏នឿយហត់ដែរ ប៉ុន្តែកិច្ចការទាំងនោះជាអ្វីដែលខ្ញុំត្រូវតែធ្វើ។ បើសិនជាខ្ញុំមិនធ្វើ តើមានអ្នកណានឹងធ្វើ»?

មិនថាជីវិតរបស់គាត់ជួបទុក្ខលំបាកយ៉ាងណានោះទេ គាត់និយាយថាគាត់ត្រូវតែអត់ធ្មត់ដើម្បីគ្រួសារ និងកូនទាំងពីរដែលគាត់បានទុកឱ្យនៅផ្ទះឯស្រុកកំណើត។

«ត្រីមួយខ្ញុំហូបក្បាលពេលថ្ងៃ ហើយទុកកន្ទុយហូបពេលយប់ ។ បើសិនជាខ្ញុំអត់ធ្វើអញ្ចឹងទេ ខ្ញុំមិនអាចសន្សំលុយបានគ្រប់ដើម្បីផ្ញើទៅកូនខ្ញុំនៅស្រុកនោះទេ។ ខ្ញុំត្រូវរិះថាំដើម្បីគ្រួសារខ្ញុំទាំងមូល»។

មួយ ឬពីរសប្ដាហ៍ម្ដង គាត់ត្រូវទៅទិញម្ហូបនៅផ្សារច្បារអំពៅ។ គាត់ និងប្អូនស្រីចូលលុយគ្នាទិញម្ហូប ព្រោះពួកគាត់រស់នៅជាមួយគ្នា។ ពេលខ្លះ គាត់ទុកម្ហូបដែលបានចម្អិនហើយក្នុងក្រឡ ព្រោះពួកគាត់មិនមានទូរទឹកកកសម្រាប់ទុកដាក់អាហារ ហើយពេលដែលគាត់ចង់ហូប គាត់ក៏យកមកកម្ដៅឡើងវិញ។​

ពេលដែលសួរថាតើ គាត់ចង់ធ្វើការងារសំណង់នេះអស់មួយជីវិត គាត់បានឆ្លើយតប៖ «ខ្ញុំមិនប្រាកដទេ។ ខ្ញុំប្រហែលជាត្រឡប់ទៅស្រុកវិញដើម្បីរកស៊ីបន្តិចបន្តួចពេលខ្ញុំចាស់ទៅ។ ខ្ញុំប្រឹងសព្វថ្ងៃគឺដើម្បីកូនៗរបស់ខ្ញុំ។ ខ្ញុំឱ្យពួកគេរៀនសូត្របានចេះដឹង កុំឱ្យដូចម៉ែឪ ធ្វើការនៅការដ្ឋានសំណង់។ ខ្ញុំចង់ឱ្យពួកគេបានធ្វើការនៅកន្លែងស្រួល»។

រស់ ធារិទ្ធនៅតែមានសុទិដ្ឋិនិយម។ គាត់និយាយ៖ «ខ្ញុំបានប្ដេជ្ញាចិត្តដើរតស៊ូទៅមុខ ទោះបីជាខ្ញុំត្រូវធ្វើការធ្ងន់ហើយការងាររបស់ខ្ញុំវាលំបាកយ៉ាងណាក៏ដោយ»។ សំណូមពររបស់ធារិទ្ធចុងក្រោយ ចំពោះរដ្ឋាភិបាល និងក្រុមហ៊ុនសំណង់ គឺសូមឱ្យជួយដំឡើងប្រាក់ឈ្នួលឱ្យកម្មករសំណង់ ផ្ដល់សិទ្ធិសេរីភាពដល់ពួកគេឱ្យដូចកម្មកររោងចក្រ ហើយផ្ដល់ជាកិច្ចសន្យាការងារជាលាយលក្ខណ៍អក្សរផងដែរ។