projects2016

រស់ ធារិន

ប្អូនស្រីពៅ ក្នុងចំណោមបងប្អូនប្រាំមួយនាក់ រស់ ធារិន ហៅម៉ី អាយុ១៩ឆ្នាំ មកធ្វើការនៅការដ្ឋានសំណង់ជិតវត្តភ្នំអស់រយៈពេលជិតមួយឆ្នាំមកហើយ។ ក្មេង ហើយគ្មានបទពិសោធន៍ ម៉ីមកតាមបងស្រីទាំងពីររបស់នាង ដើម្បីធ្វើជាកម្មករសំណង់​ ដោយសារតែគ្មានសាឡាងរត់ទៅមកអ្នកលឿងទៀត តាំងពីគេបើកដាក់ឱ្យប្រើប្រាស់ស្ពានមក​។ ម៉ីក៏ឈប់រៀន តាមមិត្តភក្ដិនាងដែរ ពេលទើបចូលថ្នាក់ទី៨។ នាងមិនបានគិតវែងឆ្ងាយអំពីអនាគត ហើយទើបនិយាយថាសោកស្ដាយតាមក្រោយ។

ម៉ីមកភ្នំពេញដំបូងមិនមែនដើម្បីធ្វើការងារសំណង់នោះទេ។ នាងធ្លាប់បានធ្វើការក្នុងរោងចក្រកាត់ដេរពីមុន ប៉ុន្តែមិនអាចទ្រាំទ្រនឹងក្លិនក្រណាត់បាន ដូច្នេះហើយទើបនាងឈប់ពីការងាររោងចក្រ។ ម៉ីបានចាប់ផ្ដើមធ្វើជាកូនជាងដូចស្រ្តីកម្មករសំណង់​ផ្សេងទៀតដែរ ហើយគេឱ្យកាន់ការងារពីរមុខ គឺលាយ និងជញ្ជូនកំបោរ។ ប៉ុន្តែ​ ឥឡូវនាងធ្វើការងារផ្សេងៗ រាប់តាំងពីបោសសម្អាត រត់បុងកម្មករ និងកាន់ឃ្លាំង។ «វាស្រួល ព្រោះគេឱ្យខ្ញុំធ្វើការងារស្រាលៗដែរ»។ ម៉ីធ្លាប់មានគ្រោះថ្នាក់ពេលធ្វើការងារធ្លាក់ពីកំពស់ ២ ទៅ ៣ ម៉ែត្រ របួសជើងខាងឆ្វេង។

«បើគ្មានគេជួយចាប់ទាញខ្ញុំទាន់ទេ ខ្ញុំប្រហែលជាបាក់កបាត់ទៅហើយ»។

នាងទទួលបានប្រាក់កម្រៃប្រចាំថ្ងៃ ១៨.០០០ រៀល។ ដោយមិនចង់ទុកពេលចោលឥតប្រយោជន៍ នាងក៏ធ្វើការថែមម៉ោងផងដែរ បន្ទាប់ពីធ្វើការងារក្នុងម៉ោងធម្មតាចប់សព្វគ្រប់ ហើយទទួលបានកម្រៃស្មើនឹងប្រាក់ឈ្នួលប្រចាំថ្ងៃ។ ដូច្នេះ សរុបនាងរកបាន ៣៦.០០០ រៀល ក្នុងមួយថ្ងៃ។ ទោះបីជាទទួលបានប្រាក់ឈ្នួលច្រើនជាងកម្មករសំណង់ផ្សេងក៏ដោយ ម៉ីមិនចូលចិត្តការងារនេះនោះទេ នាងគ្រាន់តែធ្វើវាកុំឱ្យអផ្សុកប៉ុណ្ណោះ។ នាងក៏ជឿថា វិស័យនេះគ្មានអនាគតដែរ ប៉ុន្តែនាងមិនទាន់ដឹងច្បាស់ថាតើនាងចង់ធ្វើអ្វីបន្ទាប់ទៀតនោះទេ។ នាងចង់រកស៊ី ប៉ុន្តែមិនទាន់ដឹងថាចង់រកស៊ីអី។ ដូច្នេះ ក្នុងពេលនេះ នាងនិយាយថា នាងនឹងបន្តធ្វើការសំណង់សិន។ នៅពេលដែលសួរថាតើធ្លាប់មានកម្មករប្រុសប្រើពាក្យពេជន៍មិនសមរម្យ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លែបខាយដាក់ដែរឬទេ នាងបានឆ្លើយតប៖ «មានតើបង ដោយសារខ្ញុំជាស្ត្រីនៅលីវតែម្នាក់ឯងធ្វើការនៅការដ្ឋានហ្នឹង ប៉ុន្តែខ្ញុំមិនដែលខ្វល់ទេ»។