All posts filed under: projects2016

ឈឿន សម្ផស្ស

ស្រ្តីមេម៉ាយ អាយុ ៤១ឆ្នាំ ឈឿន សម្ផស្ស ធ្លាប់ជាអ្នកតម្បាញនៅឯស្រុកកំណើត ក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល មុនពេលមកធ្វើជាកម្មករសំណង់នៅភ្នំពេញ។ ដោយសារតម្រូវការ និងតម្លៃទាបរបស់ផលិត ខ្មែរនៅក្នុងទីផ្សារ និងតម្លៃខ្ពស់នៃសម្ភារៈ បានធ្វើឱ្យគាត់ជួបការលំបាកនៅក្នុងជីវិតជាអ្នកតម្បាញ។ គាត់ បាននិយាយថា គាត់គ្មានជម្រើសទេ មានតែដូរមុខរបរ ហើយការងារសំណង់ ជាការងារទីមួយដែលគាត់ បានគិតដល់។​ សម្ផស្ស ធ្វើការងារក្នុងវិស័យសំណង់នេះអស់រយៈពេល ៣ (បី) ឆ្នាំមកហើយ។ គាត់បានប្រឡូកក្នុង ការងារនេះដំបូងជាកូនជាងធ្វើការតាមការដ្ឋានសំណង់តូចៗ ដោយទទួលបានប្រាក់កម្រៃបន្តិចបន្តួច។ បច្ចុប្បន្ន គាត់កំពុងធ្វើការនៅ ហុងកុងលែន ដែលជាគម្រោងសំណង់ដ៏ធំមួយក្នុងរាជធានីភ្នំពេញ។ គាត់ មានតួនាទី លាយ និងជញ្ជូនកំបោរ។ គាត់បាននិយាយថា លក្ខខណ្ឌការងារក្នុងក្រុមហ៊ុនធំៗ ល្អប្រសើរ ជាងលក្ខខណ្ឌការងារតាមការដ្ឋានសំណង់តូចៗ ដែលគាត់ធ្លាប់ធ្វើការ ពីព្រោះបើសិនជាមានកម្មករណា រងរបួសពេលកំពុងធ្វើការ គេនឹងចេញថ្លៃព្យាបាលឱ្យ មិនដូចជាការដ្ឋានសំណង់តូចៗនោះទេ ដែលកម្មករ ត្រូវចេញថ្លៃពេទ្យដោយខ្លួនឯង។ វិសមភាពក្នុងការងារ គឺនៅតែជាបញ្ហាទូទៅ នៅកន្លែងធ្វើការ ជាពិសេស ការងារសំណង់។ សម្ផស្សបានត្អូញត្អែរ ពីការទទួលបានប្រាក់កម្រៃទាបជាងកម្មករបុរស ទោះបីជាកិច្ច ការងារ និងទំនួលខុសត្រូវដូចគ្នាក៏ដោយ។ «ពួកគេយល់ថា ពួកយើងជាស្រ្តីខ្សោយជាងបុរស ប៉ុន្តែខ្ញុំមិន យល់អញ្ចឹងទេ។ ពួកយើងក៏អាចជញ្ជូន ឬលីរបស់ធ្ងន់ៗ និងអាចធ្វើអ្វីដែលបុរសធ្វើបានដែរ»។ នៅពេលដែលសួរថាគាត់សប្បាយនឹងធ្វើការនេះដែរឬទេ គាត់បានមានប្រសាសន៍៖ «វាជារឿងធម្មតាទៅ ហើយ។ គ្មានអ្នកណាមកជួយដោះស្រាយបញ្ហាខ្ញុំទេ ទោះបីជាខ្ញុំមិនសប្បាយចិត្តក៏ដោយ»។ គាត់ហាក់បានទទួលស្គាល់ខ្សែជីវិតបែបនេះរបស់គាត់ ហើយអ្វីដែលគាត់ត្រូវធ្វើ គឺប្រឹងរកលុយដើម្បីចិញ្ចឹមកូនទាំងពីររបស់គាត់ ទោះបីជាគាត់បារម្ភថា ការងារនេះលំបាកខ្លាំង និងអាចប៉ះពាល់សុខភាពគាត់ទៅថ្ងៃអនាគតក៏ដោយ។ សម្ផស្សបាននិយាយបន្ថែម៖ «ខ្ញុំមិនអាចចោលការងារសំណង់បានទេ ដោយសារការងារ តម្បាញមិនអាចជួយទ្រទ្រង់ជីវភាព កូនៗខ្ញុំ និងការសិក្សារបស់ពួកគេ»​។ នាពេលអនាគត ប្រសិនបើ ទីផ្សារអាជីវកម្មតម្បាញ មានតម្រូវការបន្ថែម ហើយតម្លៃកាន់ប្រសើរឡើង សម្ផស្សបាននិយាយទាំងភ្នែកសម្លឹងមើលទៅឆ្ងាយថា គាត់នឹងពិចារណាត្រឡប់ទៅស្រុកកំណើតវិញ ដើម្បីចាប់ផ្ដើមមុខរបរតម្បាញឡើងវិញ។ គាត់ក៏ចង់ឱ្យរាជរដ្ឋាភិបាលក្រឡេកមើលវិស័យសំណង់ និងជួយដំឡើងប្រាក់ឈ្នួលកម្មករសំណង់ ពិសេសស្រ្តីកម្មករសំណង់។

ចក់ យឿន

ចក់ យឿន អាយុ ៣៨ឆ្នាំ មានស្រុកកំណើតនៅភ្នំពេញថ្មី ចំកណ្ដាលរាជនីធានីនៃព្រះរាជាណាចក្រ បានក្លាយជាកម្មករ សំណង់ជាមួយប្ដីរបស់គាត់ មិនមែនជាជម្រើសនោះទេ តែដោយសារតម្រូវការចិញ្ចឹមគ្រួសារដែលមានសមាជិកប្រាំពីរនាក់។ មុនពេលក្លាយជាកម្មករសំណង់ យឿន លក់ត្រី និងបន្លែ ដែលរកបាននៅក្នុង និងជិតបឹង នៅឯផ្សារដែលជាមុខរបរខាតចុងខាតដើម។ បន្ទាប់មក គាត់បានចាប់ផ្ដើមលក់ផ្លែឈើ និង​បន្លែតាមកង់។ គាត់ជិះកង់ឈប់តាមផ្សារនានាក្នុងទីក្រុងភ្នំពេញ។ ប៉ុន្តែគាត់មិនមានសុខភាពល្អ ដូចនេះទើបធ្វើឱ្យគាត់មិនអាចជិះកង់បានយូរជារៀងរាល់ថ្ងៃ ម៉្យាងអាជីវកម្មរបស់គាត់ពុំទទួលបានប្រាក់ចំណេញ ដូច្នេះគាត់ក៏ទៅធ្វើការនៅការដ្ឋានសំណង់ជាមួយប្ដីគាត់។ គាត់ចាប់ផ្ដើមជាកូនជាងលាយកំបោរ និង         ស៊ីម៉ង់ត៍ ជញ្ជូនខ្សាច់ ស៊ីម៉ង់ត៍ និងឥដ្ឋការ៉ូ ពេលខ្លះ គាត់ត្រូវបានគេប្រើឱ្យឈរលើអន្ទារបៀក កំបោរ។ វានឿយហត់ និងគ្រោះថ្នាក់សម្រាប់គាត់ពេក ទើបគាត់សម្រេចប្ដូរទៅធ្វើការងារខាងសម្អាតដែលជាការងារស្រាលជាង។ ប៉ុន្តែមិនមែនមានន័យថាវាស្រួលនោះទេ គាត់នៅតែត្រូវជញ្ជូនកាកសំណល់សំណង់ចុះពីជាន់ខ្ពស់ និងសម្អាតកន្លែងកខ្វក់។ នៅពេលសួរ «តើការងារសំណង់លំបាកសម្រាប់មីងដែរឬទេ»? គាត់បានឆ្លើយតប៖ «ចាស! ហត់ណាស់ ប៉ុន្តែផ្ទុយទៅវិញ ខ្ញុំមិនចាំបាច់បារម្ភអំពីការជាប់បំណុល។ ខ្ញុំគ្រាន់តែប្ដូរកម្លាំងយកលុយដើម្បីចិញ្ចឹមគ្រួសារខ្ញុំប៉ុណ្ណោះ»។ យឿនរកបានកម្រៃ ៦ ដុល្លារ ក្នុងមួយថ្ងៃ ប្រហែលស្មើនឹង ២៤.០០០ រៀល។ គាត់និយាយថា គាត់មិនពេញចិត្តនឹងអ្វី ដែលគាត់កំពុងធ្វើនោះទេ ប៉ុន្តែគាត់ត្រូវតែប្រឹងប្រែងដើម្បីខ្លួនគាត់ និងជាពិសេសដើម្បីគ្រួសារគាត់។ គាត់និយាយ៖     «បើសិនខ្ញុំមិនធ្វើការក្នុងវិស័យនោះទេ​ ខ្ញុំមិនមានអ្វីដើម្បីចិញ្ចឹមគ្រួសារខ្ញុំនោះទេ»។ គាត់មិនចង់ឱ្យកូនៗគាត់ដើរតាម គន្លងគាត់ និងប្ដីគាត់នោះទេ។ គាត់ចង់ឱ្យពួកគេទទួលបានចំណេះដឹងខ្ពស់ និងរកបានការងារល្អធ្វើ ដូចនេះគាត់បាន បញ្ជូនកូនៗគាត់ទៅសាលារៀនដើម្បីក្រេបជញ្ជក់យកចំណេះដឹង។ ប៉ុន្តែមានតែកូនតូចៗរបស់គាត់ប៉ុណ្ណោះដែលកំពុង រៀន។ កូនស្រីទីពីររបស់គាត់ឈប់រៀនដោយសារមិនអាចទ្រាំឃើញឪពុកម្ដាយជួបទុក្ខលំបាកដើម្បីបញ្ជូនកូនទៅរៀន។ យឿន បានព្យាយាមបញ្ចុះបញ្ចូលកូនស្រីគាត់ឱ្យរៀនបន្តរហូតដល់ចប់វិទ្យាល័យដែរ ប៉ុន្តែនាងមិនស្ដាប់ ព្រោះនាងចង់ជួយរំលែកទុក្ខលំបាកក្នុងគ្រួសារ។ យឿន និយាយថាកូនស្រីគាត់ឆ្លាតណាស់។ គាត់សោកស្ដាយដែលកូនគាត់ត្រូវឈប់រៀន ដោយសារតែបញ្ហាជីវភាពគ្រួសារ។ ទោះបីជាធ្លាប់បរាជ័យក្នុងការរកស៊ីក៏ដោយ ក៏យឿនមិនបោះបង់ចោលដែរ ហើយគាត់នៅតែមានគម្រោងអនាគត សម្រាប់ខ្លួនឯង។ គាត់មិនចង់ធ្វើការសំណង់រហូតនោះទេ។ បន្ទាប់ពីសន្សំបានលុយគ្រប់គ្រាន់ហើយ គាត់ចង់បើករកស៊ីតូចមួយម្ដងទៀត។ គាត់ចង់លក់បន្លែនៅផ្សារ និងបើកលក់ចាប់ហ៊ួយ និងបបរនៅផ្ទះបន្តិចបន្តួច។      

រស់ ធារិទ្ធ

ស្រ្តីមានរាងតូចដ៏រួសរាយរាក់ទាក់ម្នាក់ អាយុ ៣០ឆ្នាំ រស់ ធារិទ្ធ ជាអ្នកស្រុកអ្នកលឿងបានចាកចេញពីស្រុកកំណើតដើម្បីមកធ្វើការនៅការដ្ឋានសំណង់កោះពេជ្រ តាំងពីឆ្នាំ២០១៣។ គាត់រកបានមួយថ្ងៃ ១៨.០០០ រៀល ដែលប្រហែល ៤,៥០ ដុល្លារសហរដ្ឋអាមេរិក។ ធារិទ្ធ មានបងប្អូនចំនួន ប្រាំមួយនាក់ ហើយមានបីនាក់ជាកម្មករសំណង់។ ជួបគ្នានៅការដ្ឋានកោះពេជ្រ ប៉ុន្តែនៅឆ្ងាយពីកន្លែងស្នាក់នៅ និងធ្វើការរបស់គាត់ ធារិទ្ធបានរៀបរាប់អំពីការងារដ៏លំបាករបស់គាត់ ទាំងលក្ខណៈការងារ រួមផ្សំនឹងលក្ខខណ្ឌការងារផងដែរ។ ធារិទ្ធបាននិយាយថា «ការងារនេះធ្ងន់ជាងការងាររោងចក្រឆ្ងាយណាស់។ ហើយវាក៏លំបាកជាងការងារផ្សេងៗក្នុងវិស័យផ្សេងៗដែរ ព្រោះថាបើសិនយើងមិនធ្វើការ យើងអត់មានចំណូលទេ។ កន្លែងការងារខ្ញុំតឹងរ៉ឹងណាស់»។ គាត់បានបន្ថែមទៀត៖ «បើសិនជាអ្នកឯងចង់បន្តធ្វើការ កុំនិយាយស្ដីអី ធ្វើមិនដឹងមិនឮ ហើយធ្វើតែការងាររបស់ខ្លួនទៅបានហើយ»។ ពេលដែលកំពុងនិយាយដល់ចំណុចនេះ ធារិទ្ធបានលើកឡើងថា គាត់ធ្លាប់ទៅធ្វើការនៅព្រំដែនខ្មែរថៃក្នុងផ្សាររុងក្លឿ។ គាត់ធ្លាប់គិតថាចង់ទៅធ្វើការនៅប្រទេសថៃម្ដងទៀត ប៉ុន្តែការចំណាយក្នុងការរស់នៅប្រហាក់ប្រហែលគ្នានឹងការចំណាយនៅខ្មែរដែរ។ ដូច្នេះគាត់ក៏សម្រេចចិត្តធ្វើការក្នុងស្រុក​វិញ ព្រោះវានៅជិតគ្រួសារគាត់ជាង។ បន្ទាប់ពីធ្វើការមួយថ្ងៃ ប្រាំបីម៉ោង ធារិទ្ធនៅបន្តធ្វើការថែមម៉ោងជារៀងរាល់យប់ ចាប់ពីម៉ោង ៥.៣០ ដល់ម៉ោង ៨.៣០។ គាត់រកបានពាក់កណ្ដាលនៃប្រាក់កម្រៃរបស់គាត់ក្នុងមួយថ្ងៃ ដែលជួយបន្ថែមទៅលើ ប្រាក់សន្សំរបស់គាត់។​ គាត់មកដល់ផ្ទះវិញនឿយហត់ហើយត្រូវធ្វើការងារផ្ទះទៀតមុនពេលចូលសម្រាក។ «វាជាកាតព្វកិច្ច របស់ខ្ញុំជាប្រពន្ធ។ តាមពិតទៅ ខ្ញុំក៏នឿយហត់ដែរ ប៉ុន្តែកិច្ចការទាំងនោះជាអ្វីដែលខ្ញុំត្រូវតែធ្វើ។ បើសិនជាខ្ញុំមិនធ្វើ តើមានអ្នកណានឹងធ្វើ»? មិនថាជីវិតរបស់គាត់ជួបទុក្ខលំបាកយ៉ាងណានោះទេ គាត់និយាយថាគាត់ត្រូវតែអត់ធ្មត់ដើម្បីគ្រួសារ និងកូនទាំងពីរដែលគាត់បានទុកឱ្យនៅផ្ទះឯស្រុកកំណើត។ «ត្រីមួយខ្ញុំហូបក្បាលពេលថ្ងៃ ហើយទុកកន្ទុយហូបពេលយប់ ។ បើសិនជាខ្ញុំអត់ធ្វើអញ្ចឹងទេ ខ្ញុំមិនអាចសន្សំលុយបានគ្រប់ដើម្បីផ្ញើទៅកូនខ្ញុំនៅស្រុកនោះទេ។ ខ្ញុំត្រូវរិះថាំដើម្បីគ្រួសារខ្ញុំទាំងមូល»។ មួយ ឬពីរសប្ដាហ៍ម្ដង គាត់ត្រូវទៅទិញម្ហូបនៅផ្សារច្បារអំពៅ។ គាត់ និងប្អូនស្រីចូលលុយគ្នាទិញម្ហូប ព្រោះពួកគាត់រស់នៅជាមួយគ្នា។ ពេលខ្លះ គាត់ទុកម្ហូបដែលបានចម្អិនហើយក្នុងក្រឡ ព្រោះពួកគាត់មិនមានទូរទឹកកកសម្រាប់ទុកដាក់អាហារ ហើយពេលដែលគាត់ចង់ហូប គាត់ក៏យកមកកម្ដៅឡើងវិញ។​ ពេលដែលសួរថាតើ គាត់ចង់ធ្វើការងារសំណង់នេះអស់មួយជីវិត គាត់បានឆ្លើយតប៖ «ខ្ញុំមិនប្រាកដទេ។ ខ្ញុំប្រហែលជាត្រឡប់ទៅស្រុកវិញដើម្បីរកស៊ីបន្តិចបន្តួចពេលខ្ញុំចាស់ទៅ។ ខ្ញុំប្រឹងសព្វថ្ងៃគឺដើម្បីកូនៗរបស់ខ្ញុំ។ ខ្ញុំឱ្យពួកគេរៀនសូត្របានចេះដឹង កុំឱ្យដូចម៉ែឪ ធ្វើការនៅការដ្ឋានសំណង់។ ខ្ញុំចង់ឱ្យពួកគេបានធ្វើការនៅកន្លែងស្រួល»។ រស់ ធារិទ្ធនៅតែមានសុទិដ្ឋិនិយម។ គាត់និយាយ៖ «ខ្ញុំបានប្ដេជ្ញាចិត្តដើរតស៊ូទៅមុខ ទោះបីជាខ្ញុំត្រូវធ្វើការធ្ងន់ហើយការងាររបស់ខ្ញុំវាលំបាកយ៉ាងណាក៏ដោយ»។ សំណូមពររបស់ធារិទ្ធចុងក្រោយ ចំពោះរដ្ឋាភិបាល និងក្រុមហ៊ុនសំណង់ គឺសូមឱ្យជួយដំឡើងប្រាក់ឈ្នួលឱ្យកម្មករសំណង់ ផ្ដល់សិទ្ធិសេរីភាពដល់ពួកគេឱ្យដូចកម្មកររោងចក្រ ហើយផ្ដល់ជាកិច្ចសន្យាការងារជាលាយលក្ខណ៍អក្សរផងដែរ។