projects2016

ធឿន សុភា

ធឿន សុភា ជាកម្មករសំណង់ អាយុ ២៥ឆ្នាំម្នាក់ មានស្រុកកំណើតនៅខេត្តកណ្ដាល បានធ្វើការក្នុងវិស័យដ៏រីកលូតលាស់នេះ តាំងពីគាត់អាយុ ២០ឆ្នាំ មកម្ល៉េះ។ អតីតកម្មការិនីរោងចក្រកាត់ដេរ សុភាបានឈប់ពីការងាររោងចក្រ ហើយមកតាមប្ដីរបស់គាត់ដើម្បីធ្វើការក្នុងការដ្ឋានសំណង់ ទើបអាចឱ្យគាត់មានពេលមើលថែទាំកូនបាន។ គាត់ក៏ធ្លាប់សន្លប់ជាញឹកញាប់ដែរ ពេលកំពុងធ្វើការងាររោងចក្រ។

នៅពេលដែលសួរឱ្យប្រៀបធៀបការលំបាករវាង ការងាររោងចក្រ និងការងារសំណង់ គាត់និយាយ៖ «ការងារទាំងពីរដូចតែគ្នាទេ។ ប៉ុន្តែការងាររោងចក្រតឹងជាង ពេលខ្លះកម្មករត្រូវបានបង្ខំឱ្យធ្វើការថែមម៉ោង ចំពោះការងារសំណង់វិញ វាមានសេរីភាពជាង ប៉ុន្តែបានកម្រៃតិចជាង»។ ទទួលបាន ១៧.០០០រៀល ក្នុងមួយថ្ងៃ ការងាររបស់សុភា គឺលាយកំបោរ ជញ្ជូនឥដ្ឋការ៉ូ​ និងកំបោរ។ ពេលខ្លះ គាត់ត្រូវបម្រើជាង ៣នាក់ ក្នុងពេលតែមួយ។ សុភាព្យាយាមប្រុងប្រយ័ត្ន   ជានិច្ច ប៉ុន្តែពេលខ្លះគាត់ធ្វើឱ្យធ្លាក់ឥដ្ឋការ៉ូលើជើងខ្លួនឯង។ ទោះបីជាមានបទពិសោធន៍ ៥ឆ្នាំ ក្នុងវិស័យនេះ គាត់នៅតែមិនអាចបំបាត់ភាពញញើតទីខ្ពស់បាន។ «ខ្ញុំខ្លាចខ្ពស់ខ្លាំងណាស់។ ខ្ញុំប្រកែករហូត ពេលមេជាងឱ្យខ្ញុំឡើងឈរលើ  អន្ទារបៀកកំបោរ»។

សុភារកបានចំណូលតិចជាងកម្មករផ្សេងទៀត ដោយសារគាត់ឧស្សាហ៍សុំច្បាប់ឈប់មើលកូនឈឺ ហើយគាត់ក៏មិន សូវជាខ្លួនឯងប៉ុន្មានដែរ។ សម្រាប់ការចំណាយប្រចាំថ្ងៃវិញ ជាធម្មតាគាត់ចំណាយតែ         ៤​.០០០រៀល ប៉ុណ្ណោះ ប៉ុន្តែពេលខ្លះ ក៏ចំណាយលើសដល់ទៅ ៨.០០០រៀល ដែរ។

«បើខ្ញុំអត់ព្យាយាមហូបតិចទេ ខ្ញុំអត់មានលុយគ្រប់ដើម្បីទុកសន្សំទេ»។

និយាយទាំងសម្លេងស្ងួត និងហាក់នឿយហត់ខ្លាំង សុភានិយាយថា គាត់មិនចង់ធ្វើការងារក្នុងវិស័យសំណង់នេះទេ ប៉ុន្តែគាត់ត្រូវតែធ្វើដើម្បីជីវភាពគ្រួសាររបស់គាត់។ «ខ្ញុំអាណិតប្ដីខ្ញុំ ដែលជាអ្នករកលុយចិញ្ចឹមគ្រួសារ។ សុខភាពខ្ញុំមិនសូវល្អ ចឹងខ្ញុំមិនសូវបានជួយគាត់នោះទេ»។

មកដល់ពេលនេះ គាត់ និងប្ដីបានសន្សំលុយទុកខ្លះហើយ ហើយគាត់មានដីកេរនៅឯស្រុកកំណើតទៀត។ គាត់ចង់សង់ផ្ទះនៅលើដីនោះ ហើយថ្ងៃណាមួយនឹងត្រឡប់ទៅវិញ។ ប៉ុន្តែ មុននឹងត្រឡប់ទៅវិញ គាត់ចង់បន្តធ្វើការងារសំណង់មួយឆ្នាំទៀតសិន ទម្រាំគាត់សន្សំលុយបានគ្រប់គ្រាន់ដើម្បីបើកតូបលក់បន្លែមួយនៅឯផ្សារ។