projects2016

សួន ស្រីយ៉ា

ជាស្ត្រីរួសរាយម្នាក់ សួន ស្រីយ៉ា អាយុ ៣៨ឆ្នាំ បានចូលប្រឡូកក្នុងការងារសំណង់នេះអស់រយៈពេល ១០ឆ្នាំ មកហើយ ។ គាត់ក៏ធ្លាប់ធ្វើការងារផ្សេងៗទៀតជាច្រើនដែរ មុនពេលធ្វើការសំណង់ ដែលការងារនោះរួមមាន លក់ត្រកួន និងកម្មការិនីរោងចក្រកាត់ដេរ។ គាត់ឈប់ធ្វើការងាររោងចក្រដោយសាររោងចក្រមាន​បញ្ហាផ្ទៃក្នុង។ បន្ទាប់ពីឈប់ធ្វើនៅរោងចក្រ អ្នកជិតខាងរបស់គាត់បានសួរថា គាត់ចង់ធ្វើការក្នុងវិស័យសំណង់ដែរឬទេ។

មកតាមអ្នកជិតខាង ស្រីយ៉ា បានចាប់ផ្ដើមធ្វើដំបូងនៅអគារ ៤២ជាន់ ដោយទទួលបានកម្រៃតែ ៣.៥០ ដុល្លារសហរដ្ឋអាមេរិកប៉ុណ្ណោះ ក្នុងមួយថ្ងៃ។ គាត់បានទៅធ្វើការនៅការដ្ឋានសំណង់អេអន២វិញ ដែលទីនោះគាត់ទទួលបានប្រាក់ឈ្នួលទ្វេដង។ ការងាររបស់គាត់គឺ ចងដែក។ ដូចកម្មករស្រ្តីផ្សេងទៀតដែរ គាត់បានលើកឡើងពីការព្រួយបារម្ភរបស់គាត់ ចំពោះវិសមភាពក្នុងការងារ ឧទាហរណ៍ ការទទួលបានប្រាក់កម្រៃទាបជាងកម្មករបុរស។ គាត់ទាមទារសិទ្ធិមូលដ្ឋានរបស់គាត់។ គាត់បានទទួលស្គាល់ ធម្មជាតិនៃភេទទាំងពីរ ហើយថាបុរសមានកម្លាំងខ្លាំងជាង។ ប៉ុន្តែគាត់ជឿថា អ្វីដែលបុរសអាចធ្វើបាន ស្រ្តីក៏អាចធ្វើបានដូចគ្នា ឱ្យតែមានការបង្រៀន និងបណ្ដុះបណ្ដាល ។

ពេលដែលសួរថា គាត់ធ្លាប់រងរបួសដែរឬទេ គាត់ឆ្លើយទាំងអៀនខ្មាស់ថា គាត់ធ្លាប់រងរបួសធ្ងន់ម្ដង ត្រូវចំកន្លែងក្រោមខ្សែចង្កេះរបស់គាត់ ពេលកំពុងធ្វើការនៅអគារវឌ្ឍនៈ។ គាត់ត្រូវរបួសដោយសារដែកបញ្ឈរមុតស្រួច។

បូករួមបញ្ចូលទាំងប្រាក់កម្រៃរបស់គាត់ និងប្ដី គាត់និយាយថា គាត់អាចទ្រទ្រង់គ្រួសារគាត់ និងការសិក្សារបស់កូនៗគាត់បាន។ មោទនភាពជាម្ដាយនៃកូនទាំងបី ស្រីយ៉ាបាននិយាយថា កូនៗគាត់មិនដែលធ្វើឱ្យគាត់ និងគ្រួសារពិបាកចិត្តម្ដងណាទេ ហើយបានបន្ថែម៖ «កូនខ្ញុំទាំងបី គឺជាកម្លាំងចិត្តរបស់ខ្ញុំឱ្យបន្តធ្វើ ការងារបន្តទៅទៀត។ ពួកគេជាពន្លឺនៃជីវិតខ្ញុំ។ ខ្ញុំចង់ឱ្យពួកគេរៀនឱ្យបានចប់ចុងចប់ដើម ហើយប្រើប្រាស់ ចំណេះដឹង ដើម្បីស្វែងរកការងារល្អ មានប្រាក់ខែល្អ។ ខ្ញុំមិនចង់ឱ្យពួកគេដើរតាមផ្លូវខ្ញុំនោះទេ នេះជាហេតុ ផលដែលខ្ញុំខំប្រឹងធ្វើការសព្វថ្ងៃនេះ»។ គាត់បាននិយាយថា គាត់មិនសប្បាយ​ ហើយក៏មិនកើតទុក្ខអ្វីដែរនឹងការងារនេះ ទោះបីដឹងថាការងារនេះជាការងារប្រថុយប្រថាន និងគ្រោះថ្នាក់យ៉ាងណាក៏ដោយ។ បើសិនជាគាត់មិនធ្វើការងារក្នុងវិស័យនេះទេ គាត់មិនដឹងថាទៅធ្វើនៅឯណា ឬទៅធ្វើអ្វីនោះទេ។ គាត់បានបន្ថែម៖ «ធ្វើម៉េច វាជាការរស់នៅទៅហើយ»។ ក្រៅពីធ្វើការជាកម្មករសំណង់ គាត់មានការងារមួយទៀត គឺការងារជាស្ត្រីមេផ្ទះ។ គាត់ត្រឡប់មកផ្ទះវិញ ហើយត្រូវមកធ្វើការងារផ្ទះ បន្ទាប់ពីធ្វើការងារដ៏នឿយហត់អស់ពេញមួយថ្ងៃ។ គាត់និយាយថា គាត់មិនអាចត្អូញត្អែរបានទេ ទោះបីជាគាត់ហត់យ៉ាងណាក៏ដោយ គាត់បានបន្ត៖ «វាមិនហត់ទេ។ វាជាភារកិច្ចរបស់ខ្ញុំ ក្នុងនាមជាម្ដាយ»។ នាពេលអនាគត ស្រីយ៉ា មានបំណងទិញផ្ទះ និងបើកលក់ចាប់ហ៊ួយ នៅពេលដែលគាត់ចាស់ទៅ គាត់ចង់ធ្វើជាម្ដាយនៅផ្ទះ ចាំចម្អិនម្ហូបឱ្យកូន និងចាំកូនត្រឡប់មកពីធ្វើការវិញដើម្បីហូបបាយជុំគ្នា។

ស្រីយ៉ា មានពាក្យផ្ដាំផ្ញើទៅកាន់កូនៗគាត់៖

«ក្នុងនាមជាម្ដាយ ម្ដាយមិនចង់បានអ្វីពីកូនទេ។ អ្វីដែលម្ដាយចង់បានគឺឃើញកូនបានទទួលជោគជ័យក្នុងជីវិត និងមានអនាគតភ្លឺស្វាង។ ពេលដែលកូនយកលុយម្ដាយទៅចាយកូនគួរតែដឹងថា លុយដែលកូនកំពុងតែចាយ គឺជាលុយទឹកញើសដែលម៉ែធ្វើការជាកម្មករសំណង់។ ម្ដាយទៅកន្លែងណាក៏ដោយ ក៏ម្ដាយបន់ព្រះសំពះទេវតាឱ្យកូនទាំងបីដែរ។ កូនគឺជាជីវិតរបស់ម្ដាយ»។​