projects2016

រស់ ធាវី

អ្នកស្រុកអ្នកលឿង រស់ ធាវី មករាជធានីក្នុងឆ្នាំ ២០០៩ ដើម្បីមកផ្សងសំណាង។ គាត់មកដំបូងបានចូលធ្វើជាកម្មករសំណង់នៅការដ្ឋានសំណង់កោះពេជ្រ។ ជាអ្នកលក់ដូរនៅជិតសាឡាងអ្នកលឿង គាត់និយាយថា ការងារសំណង់ជាការងារនឿយហត់ និងលំបាកជាងមុខរបរមុន ប៉ុន្តែគាត់បានបន្ថែមថាវាជួយដោះស្រាយជីវភាពរស់នៅរបស់គាត់។

ធាវីទើបតែផ្លាស់ពីការដ្ឋានកោះពេជ្រ ទៅបុរីចំការមន ព្រោះថាការដ្ឋានបុរីចំការមនផ្ដល់ប្រាក់ឈ្នួលច្រើនជាង និងលក្ខខណ្ឌការងារល្អជាង។  កាលពីធ្វើការនៅកោះពេជ្រ ធាវីទទួលបានប្រាក់ឈ្នួល ១៨.០០០ រៀល​ ទាបជាងការងារកន្លែងថ្មីរបស់គាត់ ៤.០០០ រៀល។ ការងាររបស់គាត់ គឺលាយ និងជញ្ជូនកំបោរ ហើយពេលខ្លះមេការប្រើឱ្យធ្វើការងារសម្អាត។ យើងរាល់គ្នាតែងជួបថ្ងៃល្អ និងថ្ងៃអាក្រក់ ហើយជីវិតរបស់គាត់ក៏មិនខុសគ្នាពីពួកយើងប៉ុន្មានដែរ។ ពេលខ្លះ គាត់ជួបប្រទះឧបសគ្គនៅកន្លែងការងារពេលគេឱ្យគាត់លាយកំបោរ ៥-៦ បាវ ហើយថ្ងៃខ្លះលាយដល់ទៅ ៧-៨ បាវ។​ ហើយលើសពីនេះទៅទៀតនោះ ពេលដែលគាត់ត្រឡប់មកផ្ទះវិញ គាត់ធ្វើការងារផ្ទះទាំងអស់​ ដូចជាលាងចាន និងបោកគក់។ ពេលដែលសួរថា តើវាហត់នឿយដែរឬទេ ហើយប្រសិនជាមានឱកាស តើគាត់នឹងតវ៉ាប្រឆាំងនឹងទំនៀមនេះដែរឬទេ? «ចាស! វាហត់នឿយខ្លាំងណាស់​ ប៉ុន្តែខ្ញុំត្រូវអត់ធ្មត់។ ក្នុងនាមជាស្រ្តី និងប្រពន្ធ វាជាការងារ និងទំនួលខុសត្រូវរបស់ខ្ញុំ»។ ធាវីលើកឡើងអំពីវិសមភាពនៅកន្លែងការងារទាក់ទងនឹងប្រាក់កម្រៃ។ កម្មករបុរសតែងទទួលបានប្រាក់ឈ្នួលខ្ពស់ជាងកម្មករស្ត្រី ទោះបីជាប្រភេទការងារដូចគ្នាយ៉ាងណាក៏ដោយ។ គាត់គិតថា ពេលខ្លះបុរសធ្វើការចាញ់ស្រ្តី។ «ស្រ្តីធ្វើការម៉ត់ចត់ជាង ហើយពួកគេធ្វើលើសការងារដែលបានដាក់ឱ្យ។ បុរសគ្រាន់តែមានកម្លាំងជាង ពួកគេអាចលើករបស់ធ្ងន់បាន»។

បន្ទាប់ពីធ្វើការក្នុងវិស័យនេះអស់រយៈពេលប្រាំបីឆ្នាំមក វាបានក្លាយទៅជាការងារធម្មតាសម្រាប់គាត់ទៅហើយ។ គាត់នៅចាំបានកាលពីគាត់ចាប់ផ្ដើមធ្វើការងារដំបូង។ គាត់បាននិយាយ៖ «ពីដំបូង លំបាក។ ប៉ុន្តែ ខ្ញុំប្រឹងជំនះធ្វើការងារនេះឱ្យបាន។ អត់មានអ្នកណាបង្រៀនខ្ញុំទេ។ ខ្ញុំរៀនដោយខ្លួនឯង ខ្ញុំលួចមើលអ្នកធ្វើការជាមួយ​ព្រោះខ្ញុំចង់ដឹងពីរបៀបលាយកំបោរ និងលាយស៊ីម៉ង់ត៍របស់គេ»។ ប៉ុន្តែ នាពេលជាមួយគ្នានោះដែរ គាត់មានការព្រួយបារម្ភចំពោះសុខភាពរបស់គាត់ទៅអនាគត។

បូកបញ្ចូលជាមួយនឹងប្រាក់កម្រៃរបស់ប្ដីគាត់ ធាវីអាចលៃលកផ្ញើលុយខ្លះទៅកូនៗ និងម្ដាយគាត់។ ពេលដែលគាត់មកភ្នំពេញ ដើម្បីរកការងារធ្វើគាត់បានទុកកូនរបស់គាត់ឱ្យនៅជាមួយម្ដាយគាត់ ដើម្បីឱ្យពួកគេបានចូលសាលារៀនក្រេបជញ្ជក់យកចំណេះដឹង។ «ពួកគេជាក្ដីសង្ឃឹម និងអនាគតរបស់ខ្ញុំ។ ខ្ញុំក្រហើយល្ងង់ទៀត។ ខ្ញុំមិនចង់ឱ្យពួកគេដូចជាខ្ញុំនោះទេ»។ ធាវីរក្សាការប្រមើលដ៏វិជ្ជមានចំពោះវិស័យសំណង់។

«ការងារសំណង់ជាការងារស្មើភាព។ ដើមទុនគឺកម្លាំងពលកម្ម ធ្វើដោយកម្លាំង បានមកដោយកម្លាំងញើសឈាម។ វាប្រសើរជាងលើកដៃសុំគេ។ ខ្ញុំពេញចិត្តនឹងការងារខ្ញុំ ព្រោះវាជាការងារដែលខ្ញុំរើសដោយខ្លួនឯង ។ ពុំមានអ្នកបង្ខំ ដូច្នេះខ្ញុំសប្បាយចិត្ត»។

ធាវីនឹងបន្តធ្វើការងារនេះ រហូតដល់គាត់សន្សំបានប្រាក់គ្រប់គ្រាន់ ដើម្បីបើកអាជីវកម្មតូចមួយសម្រាប់ខ្លួនឯង។

ធាវីមានសំណូមពរទៅកាន់ក្រុមហ៊ុនសំណង់ឱ្យចែកសម្ភារៈសុវត្ថិភាពដែលចាំបាច់ ដូចជា មួក និងស្បែកជើងសំណង់ និងសំណូមពរឱ្យដំឡើងប្រាក់ឈ្នួលកម្មករស្រ្តីឱ្យស្មើនឹងបុរស។