អំពី

គ្រាន់តែដើរលំហែនៅជុំវិញរាជធានីភ្នំពេញ​គឺវាគ្រប់គ្រាន់ហើយ​សម្រាប់បង្ហាញមនុស្សគ្រប់គ្នា ឱ្យឃើញពី​ភាពរីក​ចម្រើន​យ៉ាងខ្លាំង ​​នៃវិស័យ អចលនទ្រព្យ​ និងសំណង់។ ការវិនិយោគបានកើនឡើងពី ៨៤០​លានដុល្លារអាមេរិក នៅឆ្នាំ ២០១០ ដល់ ៣,៣ ពាន់លានដុល្លារ​ នៅក្នុងឆ្នាំ២០១៥។​ ​នៅអំឡុងពេលដែលមានការអភិវឌ្ឍដ៏ឆាប់រហ័ស​ ក៏មានរឿងរ៉ាវ​ជាច្រើនដែលលាក់កំបាំងនៅពីក្រោយផងដែរ។ អ្នកដើរកាត់ទៅមកដូចជាពួកយើង ពួក យើងមិនដែលបានកត់សម្គាល់ឃើញ​ពី​ភាព​ខុស​គ្នារវាងពិភពលោក​នៅពីក្រោយរបងស័ង្កសី​ និងសំណាញ់ពណ៌បៃតង ដែលរុំព័ទ្ធជុំវិញការដ្ឋានសំណង់ និងអគារសំណង់​ថ្មីៗ​ និងពិភពលោក ដែលយើងរាល់គ្នាបានមើលឃើញតែពីខាងក្រៅនោះទេ។ អ្វីដែលសំខាន់នោះ គឺ​អ្នកដែលកំពុងធ្វើការនៅក្នុង ការដ្ឋានសំណង់ទាំងនោះ ពួកគេនោះហើយ គឹជាអ្នក ដែលបានជួយសាងសង់អគារខ្ពស់ៗនៅរាជធានីភ្នំពេញ។

បច្ចុប្បន្ននេះវិស័យសំណង់បានផ្តល់ការងារដល់កម្មករ ក្នុងចន្លោះពី ១៧៥.០០០ នាក់ ទៅ ២០០.០០០​នាក់ ក្នុងនោះ​មានកម្មករជាច្រើន នាក់ ដែលមិនមានជំនាញច្បាស់លាស់​ និង​ធ្វើការដោយប្រើប្រាស់កម្លាំងពលកម្មសុទ្ធ។ ប្រមាណ​​ជា ២០ ទៅ ៤០ភាគរយ នៃកម្មករទាំងនោះជាស្ត្រី ពួកគាត់ភាគច្រើន បានផ្លាស់ប្តូរទីលំនៅពីតំបន់ជនបទ​នៃប្រទេសកម្ពុជា មកស្វែង​រកការងារក្នុងវិស័យសំណង់នៅក្នុងទីក្រុង។ កម្មករសំណង់ស្ត្រីភាគ ច្រើនទទួលបានប្រាក់កម្រៃទាប ដោយសារតែគ្មានមធ្យោបាយក្នុងការទាមទារយកកម្រៃឱ្យបានសមមាត្រ ជាមួយនឹងការងារដែលបាន​បំពេញ និងមិន សូវមានសំលេងគាំទ្រ ដើម្បីធ្វើឱ្យលក្ខខណ្ឌការងារប្រសើរឡើង។ យោងតាមរបាយការណ៍របស់អង្គការ CARE ស្ត្រីទទួលបាន​ប្រាក់កម្រៃប្រហែលពី ៣ ទៅ​ ៥ ដុល្លារអាមេរិកក្នុងមួយថ្ងៃ រីឯបុរសវិញទទួលបានប្រហែលពី​ ៥ ទៅ​ ៧ ដុល្លារអាមេរិក ក្នុងមួយថ្ងៃ។

ផ្ទះមេត្តាបានសហការជាមួយ មូលនិធិ Friedrich-Ebert (FES) ដើម្បីអនុវត្តគម្រោងពហុប្រព័ន្ធផ្សព្វផ្សាយ សំណាញ់បៃតង ដែលផ្តោតទៅ​លើលក្ខខណ្ឌការងារ​ និងជិវិតរស់នៅរបស់ស្ត្រីកម្មករសំណង់ចំនួន ១៣រូប។ គម្រោងនេះត្រូវ​បានអនុវត្ត ដោយស្រ្តីខ្មែរមានទេពកោសល្យ ពីររូបគឺ​ នាក់ សុផល (អ្នកថតរូប) និង កេសរ (អ្នកស្រាវជ្រាវ / អ្នកសរសេរអត្ថបទ) ។ នាក់ សុផល (កើតនៅឆ្នាំ ១៩៨៩ ខេត្តតាកែវ) បានបញ្ចប់ការសិក្សានៅ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ហើយត្រូវបានគេចាត់ទុកថាជាបុគ្គលដ៏មានទេពកោសល្យមួយរូបក្នុង​ឆាកសិល្បៈកម្ពុជា។ ក្នុងឆ្នាំ២០១៣ សុផល បានឈ្នះពានរង្វាន់នៅកម្មវិធីមហោស្រពរូបថតអង្គរ នៅក្នុងខេត្តសៀមរាប។ កេសរ ជាអ្នកភ្នំពេញ ដែលចង់ដឹងពីវិធីដែលមនុស្សគ្រប់រូបរស់នៅ ព្រមទាំងអត្ថន័យនៃ​ជីវិត​ និងវិធីស្វែងរកសុភមង្គលក្នុងជិវិតរបស់ពួកគេ ។ ពីដំបូង កេសរ ធ្លាប់បានចូលរួមជាមួយ គម្រោងមួយរបស់អង្គការ CARE ដែលមានឈ្មោះថា “សិទ្ធរបស់ស្រ្តី ដែលជា​កម្មករសំណង់” ដោយធ្វើជា​អ្នកប្រមូលទិន្នន័យ។ ចាប់តាំងពីពេលនោះមក កេសរមានចំណាប់អារម្មណ៍កាន់ តែខ្លាំងទៅលើប្រធានបទនេះ។

គម្រោងសំណាញ់បៃតង បានចូលរួមបង្កើតជា របាំសហសម័យមួយ ក្រោមកិច្ចសហការជាមួយ អង្គការ អម្រឹតាសិល្បៈ​​ ​​​។ គ្រូបង្ហាត់​រាំ / អ្នករាំ​កម្ពុជា យ៉ុន ដាវី​ ដែលបានសិក្សាទាំងផ្នែករបាំបុរាណ​ និងផ្នែករឿងនិទាន ។ ដាវីតែងតែមានការចាប់អារម្មណ៍​យ៉ាងខ្លាំង ក្នុងការរាំរបាំសហសម័យ ហើយធ្លាប់បានចូលរួមសិក្ខាសាលា និងការសម្តែងជាមួយនឹងអ្នកបង្ហាត់របាំជាច្រើនរួមមាន Emmanuelle Phuon, Bob Ruijzendaal, Peter Chin, Arco Renz និងអ្នកបង្ហាត់របាំដទៃជាច្រើនទៀត។ ដាវីធ្លាប់ទទួលជំនួយក្នុងការសិក្សាផ្នែករបាំសហសម័យ និងក្បាច់រាំនៅ សាកលវិទ្យាល័យជាតិសិល្បៈតៃវ៉ាន់ និងនៅទីក្រុង Surabaya ។